ព័ត៌មានទាន់ហេតុការណ៍៖

​សាកសព​បុរស​ម្នាក់​ អណ្តែត​ទឹកទន្លេ​មេគង្គ​ សង្ស័យ​ស្លាប់​ដោយសារ ​លង់ទឹក​

​ខេត្តកណ្តាល ៖ ​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​អណ្តែត​តាម​ខ្សែទឹក​ទន្លេមេគង្គ​ត្រូវ​បាន​ប្រជា​នេសាទ​ជិះទូក​រាយ​មង​ប្រទះ​ឃើញ​ស្ថិត​ក្នុង​សភាព​ហើម​ប៉ោង​ ។​ សាកសព​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ខេត្ត​ដាក់​ការ​សន្និដ្ឋាន​ថា​ស្លាប់​ដោយសារ​លង់ទឹក​ ។​

​ ​ករណី​ប្រទះ​ឃើញ​សាកសព​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ច័ន្ទ​ ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​បា​រាជ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​ ​លោក​វរសេនីយ៍ត្រី​ អ៊ុ​ន​ យ៉ុ​ង​ អធិការរង​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​សាកសព​ជន​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ព្រោះ​នៅ​លើ​ខ្លួនប្រាណ​សាកសព​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ជាប់​មក​ជាមួយ​ ហើយ​សាកសព​មិនមែន​ជា​អ្នក​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់កណ្តាល​នោះ​ទេ​ ។​ ជន​រង​គ្រោះ​មាន​ភិនភាគ​អាយុ​ប្រហែល​៣០​ឆ្នាំ​ កម្ពស់​១,៦០​ម៉ែត្រ​ សម្បុរ​សណ្តែកបាយ​ សក់​ខ្លី​ ពាក់​អាវយឺត​ដៃខ្លី​ ពណ៌​ខ្មៅ​ ស្លៀកខោ​សាច់​ក្រណាត់​ជើងវែង​ ពណ៌​ទឹកប៊ិច​ ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ស្បែក​ ពណ៌​ខ្មៅ​ ក្បាល​ដែក​ក្រូមេ​ ពាក់​ស្បែកជើង​ប៉ាត់​តា​ ពណ៌​សលាយ​ក្រហម​ ។​

​ ​លោក​អធិការ​បាន​បន្ត​ថា​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជា​នេសាទ​រស់នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់កណ្តាល​ ជិះទូក​រាយ​មង​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ ប្រទះ​ឃើញ​ក៏​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ភូមិ​និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ជ្រំ​ ។​

​ ​លោក​វរសេនីយ៍ត្រី​ អ៊ុ​ន​ យ៉ុ​ង​ បាន​បញ្ជាក់​ថា​ នៅ​លើ​ខ្លួនប្រាណ​សាកសព​ជន​រង​គ្រោះ​ពុំ​មាន​ស្លា​កល​ស្នាម​អ្វី​គួ​ឲ្យ​កត់សម្គាល់​នោះ​ទេ​ ។​ តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ មាន​រយៈពេល​ប្រមាណ​ ពោល​គឺ​សាកសព​បាន​លង់ទឹក​ស្លាប់​ពី​កន្លែង​ផ្សេង​ហើយ​បាន​អណ្តែត​តាម​ខ្សែទឹក​ហូរ​ រហូត​ដល់​ស្រុក​ខ្សាច់កណ្តាល​ ។​

ក្រោយ​ពី​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួច​មក​សមត្ថកិច្ច​នគរបាល​ បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឲ្យ​អាជ្ញាធរ​ឃុំ​ស្វាយ​ជ្រំ​នាំ​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​បរិ​វេន​វត្ត​អរិយ​ក្សត្រ​ ស្ថិត​ក្នុង​ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ៕​ ស្អាង​ជ័យ​

Narin2

Narin

Narin1