ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់ជនសង្ស័យដែលកាប់ជនរងគ្រោះម្នាក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯកស្រី វុត្ថា មេបញ្ជាការរងកងរាអាវុធហត្ថខេត្តស្វាយរៀង បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលបានកាប់ទៅលើយុវជនម្នាក់ស្លាប់ភ្លាមៗ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ កងរាជអាវុធហត្ថខេត្តស្វាយរៀងថ្លែងថា ជនសង្ស័យជាបងប្អូននឹងគ្នា ឈ្មោះ សុខ ចន្នី ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះសុខ ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ រស់ភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ជនសង្ស័យ២នាក់បានជិះម៉ូតូមកជិតជនរងគ្រោះម្នាក់កំពុងតែដើរសុខៗ ស្រាប់តែដកដាវកាប់ចំកញ្ចឹងកបណ្ដាលឲ្យជនរងគ្រោះប្រកាច់បាញ់ឈាមហូរជោកខ្លួន ស្រែកហៅអ្នកភូមិជួយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។

កងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ឆាន វិយុទ្ទ អាយុ១៥ឆ្នាំ រស់នៅភូមិកន្ទួតប្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពន្តថាក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនភ្លាមៗ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖