ព័ត៌មានទាន់ហេតុការណ៍៖

កម្មករជិត៣០០នាក់ ដួលសន្លប់ បន្ទាប់ពីទុស្សេខ្សែភ្លើង ក្នុងរោងចក្រដេរស្បែកជើង “ខាលីងតុន”

ចែករំលែក៖

ខេត្តកំពង់ចាមៈ យ៉ាងហោចណាស់កម្មករ កម្មការិនីរបស់រោងចក្រខាលីងតុន ទីតាំងក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមជិត៣០០នាក់បាន បានដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីកើតមានករណីឆ្លងចរន្តអគ្គិសនីក្នុងរោងចក្រ កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃ សុក្រ ៨ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨។

នគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីកើតមានករណីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងកើតឡើងក្នុងរោងចក្រខាងលើ បណ្ដាលឲ្យកម្មការិនីភ័យ និងដួលសន្លប់ជាបន្តបន្ទាប់។ ភ្លាមៗនោះ សមត្ថកិច្ច និងអាជ្ញាធរបានចេញទៅជួយធ្វើអន្តរាគមន៍បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ចំនួន១៣៨នាក់ និងនៅមន្ទីរពេទ្យស្រុកជើងព្រៃ ចំនួន១៤១នាក់។

ជាមួយគ្នានេះដែរគេឃើញ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះទៅត្រួតពិនិត្យអាការៈជនរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យទាំងពីរ និងបានសំណូមពរដល់ក្រុមគ្រូពេទ្យឲ្យយកចិត្តទុកដាក់ជួយសង្គ្រោះឲ្យបានម៉ត់ចត់បំផុត។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកជំងឺទាំងជិត៣០០នាក់នេះ មានអ្នកធ្ងន់ចំនួន៤នាក់ និងស្ត្រីមានផ្ទៃពោះចំនួន១១នាក់។ រហូតមកទល់នឹងព្រលប់ថ្ងៃកើតហេតុនេះ ក្រុមគ្រូពេទ្យកំពុងពិនិត្យតាមដាន និងព្យាបាលដោយយកចិត្តទុកដាក់បំផុត។ ដោយឡែកកម្មការិនីមួយចំនួនក៏បានធូរស្បើយ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយដែរ ៕ សហការី


ចែករំលែក៖