ព័ត៌មានទាន់ហេតុការណ៍៖

កម្មករតម្លើងប្រទីបម្នាក់ចុះមុជទឹកទន្លេត្រូវទឹកហូរកួចទៅបាត់រកមិនទាន់ឃើញ២ថ្ងៃ

ចែករំលែក៖

 

ភ្នំពេញ៖ បុរស២នាក់ឪពុក កូន បាននាំគ្នាមកធ្វើជាកម្មករតម្លើងប្រទីបនៅផែថ្មជាប់ទន្លេ លុះពេលសម្រាកពីការងារ ជនរងគ្រោះជាកូន រួមនឹងកម្មករផ្សេងទៀត បាននាំគ្នាចុះមុជទឹកទន្លេ ស្រាប់តែត្រូវទឹកហូរកួចយកទៅបាត់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល និងនាំគ្នាតាមរកមើល តែរកមិនឃើញសោះ អស់រយៈពេល២ថ្ងៃមកហើយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផែថ្មអមមាត់ទន្លេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីឪពុកជនរងគ្រោះ ឈ្មោះ ផល ភារិន អាយុ៣៧ឆ្នាំ មុខរបរជាកម្មករតម្លើងប្រទីប ស្នាក់នៅភូមិដើមស្លែង១ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា កូនប្រុសរបស់គាត់ដែលត្រូវទឹកកួចបណ្ដាលឲ្យលិចលង់ស្លាប់នោះ មានឈ្មោះ ស្រេង គឹមហួយ អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយនឹងគាត់ ។

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេលកើតហេតុ គាត់ទាំង២នាក់ឪពុកកូនបាននាំគ្នាមកតម្លើងប្រទីប នៅត្រង់ចំណុចខាងកើតហេតុខាងលើ ខណៈនោះស្រាប់តែមេឃបានធ្លាក់ភ្លៀង ទើបខាងមេការ បានអនុញ្ញាតឲ្យកម្មករទាំងអស់អាចឈប់សម្រាកពីការងារបាន ពេលនោះស្រាប់តែកូនប្រុសរបស់គាត់ រួមនិងកម្មករធ្វើការជាមួយគ្នា៣នាក់ទៀត សរុបទាំងអស់៤នាក់ បាននាំគ្នាចុះងូតទឹកទន្លេ ក៏ស្រាប់តែមានទឹកគួចយកកូនគាត់ទៅបាត់តែម្តង ចំណែកកម្មករ៣នាក់ទៀតដែលងូតជាមួយគ្នាមិនអីនោះទេ បាននាំគ្នាឡើងមកលើគោកវិ និងបាននាំគ្នាស្វែងរកមើលកូនរបស់គាត់ តែរកយ៉ាងណាក៏មិនឃើញ រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះនៅតែមិនទាន់ឃើញនៅឡើយ ដូច្នេះបើសមត្ថកិច្ចឬបងប្អូនប្រជាពលរដ្ឋណាដែលបានប្រទះឃើញកូនរបស់គាត់ ជួយផ្តល់ដំណឹងមកកាន់គាត់ផង។

គួរបញ្ជាក់ផងដែរថា ករណីនេះឪពុកជនរងគ្រោះបានអះអាងថា មិនមែនជាកំហុសខាងក្រុមហ៊ុនផ្នែកតម្លើងប្រទីបនោះទេ ព្រោះកូនរបស់គាត់ចុះមុជទឹកខ្លួនឯង ជាម៉ោងសម្រាកពីការងារ ៕ ស តារា


ចែករំលែក៖