ព័ត៌មានទាន់ហេតុការណ៍៖

កម្មករលើកដែកម្នាក់រងរបួសធ្ងន់ ខណៈរៀបស្ទុចដែកចូលឃ្លាំងយីហោ​ សេង​ សុជាតិ​ ខុសបច្ចេកទេស ដែកធ្លាក់សង្កត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលជាកម្មករលីសែងដែក​ បានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ខណៈកំពុងរៀបស្ទុចដែកចូលឃ្លាំងតែត្រូវដាច់ខ្សែដែកធ្លាក់សង្កត់​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និអ្នកដំណើរកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី​ ១៨​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ ស្ថិតតាមបណ្តោយផ្លូវចំការដូង​ មុខឃ្លាំងដែកយីហោ​ សេង​ សុជាតិ​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា ដំបូងឡើយគេសង្កេតរថយន្តកូរ៉េធុនធំមានដងស្ទុចមួយគ្រឿងដឹកដែកពេញរថយន្តបើកតាមបណ្តោយផ្លូវចំការដូងមកឈប់នៅមុខឃ្លាំងលក់គ្រឿងសំណង់យីហោ​ សេង​ សុជាតិ​ បំណងទម្លាក់ដែកចូលទៅឃ្លាំង​ ពេលនោះកម្មករ៤ទៅ៥នាក់បានស្រាយខ្សែចេញដើម្បីស្ទុចយកដែក​ ប៉ុន្តែទំនងខុសបច្ចេកទេសស្រាប់តែដែកមួយបាច់ធំបានរមិលធ្លាក់សង្កត់ទៅយុវជនម្នាក់ដែលនៅពីចំហៀងរថយន្តបណ្តាលឲ្យបែកក្បាលសន្លប់ឈឹង​ ត្រូវបានក្រុមកម្មករនាំគ្នាជួយលើក និដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ។

ជុំវិញករណីនេះក្រោយកើតហេតុម្ចាស់ឃ្លាំងបានព្យាយាមលាក់បាំងព័ត៌មានមិនសហការជាមួយសមត្ថកិច្ចឡើយ​ ដោយបង្ខំឲ្យតៃកុងរថយន្តបើករថយន្តដឹកដែកចេញពីមុខឃ្លាំងខ្លួន​ ព្រោះខ្លាចជាប់ពាក់ព័ន្ធ ករណីធ្លាក់ដែកបណ្តាលឲ្យមនុស្សរងរបួស​ ។ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថកិច្ចបានតាមចាប់ឃាត់តៃកុង និងរថយន្តដឹកដែកទុក​ ដើម្បីរង់ចាំដោះស្រាយជាមួយ យុវជនដែលរងរបួស​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖