ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ២នាក់ លួចជ័រកៅស៊ូបានសម្រេច ចុងក្រោយ សមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងល្វាចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងលួចជ័រកៅស៊ូ របស់ក្រុមហ៊ុនភឿកវ៉ា កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះលេង ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅអចិន្ត្រៃភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរធ្វើកម្មករចៀរជ័រកៅស៊ូ នៅកសិដ្ឋានទី១ និងឈ្មោះពៅ រិទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិត្រពាំងទឹមឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរជាសន្តិសុខភូមិ និងជាកម្មករចៀរជ័រកៅស៊ូនៅកសិដ្ឋានទី២ ។ សមត្ថកិច្ចចាប់យក មធ្យោបាយម៉ូតូឆ្នៃ១គ្រឿង ជ័រចានបង្កកដាក់ថង់ខ្មៅ៣៦គីឡូក្រាម, មធ្យោបាយម៉ូតូម៉ាកវេវ ពណ៌ខ្មៅ, ជ័រមុខ២៥គីឡូក្រាម និងជ័រចានបង្កក៥គីឡូក្រាម ។

ក្រោយកើតហេតុ ខាងក្រុមហ៊ុនចាប់បញ្ជូនមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងល្វា នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុបញ្ជូនបន្ដទៅអធិការដ្ឋាននគរបាលស្រុក ៕ ប៊ុនរិទ្ធី


ចែករំលែក៖