ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការពាររួមនៅអឺរ៉ុបបានលេចចេញជារូបរាងហើយ

ចែករំលែក៖

កម្លាំងការពាររួមតំបន់អឺរ៉ុបគឺជាការផ្តួចផ្តើម និងចង់បានរបស់ប្រធានាធិបតីបារំាង ហើយពេលនេះបានលេចចេញជារូបរាងហើយ នៅទីក្រុងប៉ារីស ដោយពេលដំបូងមាន៩ប្រទេសចូលរួម។

ដោយមានការអំពាវនាវពីប្រធានាធិបតីបារាំង លោក Emmanuel Macron ស្តីពីការបង្កើត កម្លាំងការពាររួមនៅតំបន់អឺរ៉ុប ហើយពេលនេះកម្លាំងទាហានរួមអឺរ៉ុបបានបង្ហាញរូបរាងនៅទីក្រុងប៉ារីសជាផ្លូវការហើយនៅថ្ងៃទី៧ ខែវិច្ឆិកា។ កម្លាំងទាហានការពាររួមតំបន់អឺរ៉ុបនេះ នឹងធ្វើសកម្មភាពចំពោះវិបត្តិផ្សេងៗនៅជាប់ព្រំដែនអឺរ៉ុប។

សកម្មភាពបង្កកងកម្លាំងការពាររួមស្នើឡើងដោយបារាំង ហើយកម្លាំងនេះស្ថិតនៅដាច់ដោយឡែកពីណាតូ។ ការសម្រេចបង្កើតឡើងក្រោយពេលដែល ណាតូ មានសញ្ញាមិនល្អក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានស្នើបង្កើតកម្លាំងរួមរយៈពេលជាង១ឆ្នាំកន្លងមក ប៉ុន្តែមិនទាន់បានសម្រេច ដោយសារតែមានបញ្ហាមួយចំនួន នៅក្នុងប្រទេសសម្ពន្ធមិត្តអឺរ៉ុប។ មកទលពេលនេះ មាន៩ប្រទេសក្នុងតំបន់ ដូចជា អាល្លឺម៉ង ប៊ែលហ្សុិក អង់គ្លេស ដាណឺម៉ាក អេស្តូនៀរ ហុល្លង់ ហ្វាំងឡង់ អេស្ប៉ាញ ព័រទុយហ្គាល បានចូលរួមនៅក្នុងកម្លាំងការពាររួម ដែលស្នើឡើងដោយបារាំង។ ប្រទេសជាសមាជិកនឹងធ្វើការវិភាគទៅលើវិបត្តិ និងមនុស្ស ដើម្បីដោះស្រាយបញ្ហាដែលប្រទេសក្នុងតំបន់ប្រឈមមុខ។

ប្រធានគណកម្មការអឺរ៉ុប លោក Jean Claude Juncker បានគាំទ្រអឺរ៉ុបចាំបាច់ត្រូវតែមានកម្លាំងការពារឯករាជ្យពីណាតូ។ តាមមន្ត្រីការពារជាតិបារាំងបានបញ្ជាក់ថា អឺរ៉ុបនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារផលប្រយោជន៍រួម នៅក្នុងតំបន់ ដោយមិនចាំបាច់យកកម្លាំងពីខាងក្រៅ។

លោក Jean Claude Juncker បានបញ្ជាក់ថា កម្លាំងការពាររួមខាងលើ មិនមានវិវាទ ឬទំនាសជាមួយ កម្លាំងណាតូឡើយ ហើយអាចចូលរួម នៅក្នុងសកម្មភាពដូចជាណាតូ ក្នុងបរវេណអឺរ៉ុប៕ ម៉ែវ សាធី


ចែករំលែក៖