ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងដែនជម្រកសីមាបង្ក្រាបក្រុមចោរប៉ុនប៉ងប្លន់វត្ថុតាង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ វេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ ក្រុមមន្ត្រីដែនជម្រកសីមា បានផ្ទុះអាវុធប្រយោជន៍ដើម្បីការពារខ្លួនពីការប៉ុនប៉ងរំដោះយកវត្ថុតាងពីក្រុមអ្នករកស៊ីខុសច្បាប់នៅចំណុចទឹកខួប ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោកឌិន ប៊ុនធឿន នាយកដែនជម្រកសីមាបានឲ្យដឹងថា នាវេលាយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា កម្លាំងរបស់លោកបានឃាត់ម៉ូតូដែលដឹកឈើប្រណីត២គ្រឿង ហើយនាំយកមកស្នាក់ការ ដើម្បីចាត់ការតាមច្បាប់ ។ លុះធ្វើដំណើរមកដល់ចំណុចទឹកខួប បក្ខពួកក្រុមជនល្មើស​បានយករថយន្ត៣គ្រឿង (កាមរីហើម២គ្រឿង និងរថយន្តឆ្លាម១គ្រឿង) មកពាំងផ្លូវក្រុមការងារប៉ុនប៉ងរំដោះយកវត្ថុតាង ដែលមានម៉ូតូ២គ្រឿង និងឈើកកោះនោះទៅវិញ ។

លោកបានឲ្យដឹងបន្តថា ដោយមើលសភាពការមិនស្រួល ស្ថានភាពងងឹតផង ទើបកម្លាំងរបស់លោកសម្រេចចិត្តផ្ទុះអាវុធដើម្បីការពារខ្លួនផង និងការពារវត្ថុតាងផង ។ ទីបំផុត ពួកគេក៏បានបើករថយន្តរត់បាត់អស់ទៅ ហើយកម្លាំងរបស់លោកក៏បាននាំយកវត្ថុតាងយកមករក្សាទុកនៅស្នាក់ការរបស់ខ្លួនទៅ ។

ករណីនេះ លោកក៏បានរាយការណ៍ជូនប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអធិការនគរបាលស្រុកកែវសីមា ក៏ដូចជាស្ថាប័នពាក់ព័ន្ធរួចហើយ ។

លោកឌិន ប៊ុនធឿនបញ្ជាក់ថា ពួកឈ្មួញរកស៊ីធ្វើគ្រប់សកម្មភាព ដែលធ្វើឲ្យកម្លាំងដែនជម្រកសត្វសីមា ប្រឈមនឹងហានិភ័យខ្ពស់ ។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការនោះ អធិការនគរបាលស្រុកកែវសីមាក៏បានចេញអន្តរាគមន៍ជួយ ដល់កម្លាំងដែនជម្រកសត្វនោះដែរ ប៉ុន្តែពួកឧក្រិដ្ឋជនទាំងនោះ បានភៀសខ្លួនចេញបាត់អស់ទៅ ៕ ហេង សូរិយា


ចែករំលែក៖