ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៤នាក់រួមនឹងថ្នាំញៀនមួយកញ្ចប់ធំល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ និងថ្នាំញៀន១កញ្ចក់ធំល្មម ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចម្តុំរោងចក្រ ប៊ឺរី ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ ហួន បញ្ញាបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សសាលាជម្ពូវន្ត រស់នៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (ជាម្ចាស់ថ្នាំញៀន) ទី២.ឈ្មោះ ចាន់ ភិស្មៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិជំម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ទី៣.ឈ្មោះ សុំ សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរម្មកររោងចក្រ ស្នាក់នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី៤.ឈ្មោះ លាង ដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជម្ពូវន្ត មានស្រុកកំណើតស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ បានចុះល្បាតនៅក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យ២នាក់មានស្ថានភាពខុសប្រក្រតី សមត្ថកិច្ចហៅឆែរឆេរ តែមិនមានរកឃើញថ្នាំញៀននោះទេ តែសមត្ថកិច្ចក៏បានបន្តសួរនាំ ពួកគេទាំង២នាក់ក៏បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន ហើយបានស្គាល់អ្នកជួញដូរម្នាក់ឈ្មោះ ហួន បញ្ញា ដែលធ្លាប់យកថ្នាំញៀនឲ្យ។ ខណៈនោះ សមត្ថកិច្ចក៏ឲ្យជនសង្ស័យទំនាក់ទំនងតាមទូរស័ព្ទហៅជនជួញដូរនោះមកកន្លែងកើតហេតុដោយកុហកថា ទិញថ្នាំញៀនពីពួកគេ។ ពេលមកដល់ សមត្ថកិច្ចក៏ចាប់វាយខ្នោះបាន២នាក់ជាបន្តបន្ទាប់តែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៤នាក់ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖