ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលមន្ទីរក្រសួងមហាផ្ទៃដេញឃាត់រថយន្តតាក់សុីផ្ទុះអាវុធ២គ្រាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានប្រដេញតាមចាប់រថយន្តតាក់សុីក្រហម និងមានការផ្ទះអាវុធចំនួន២គ្រាប់ទៀតផង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០កែង នឹងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងបានប្រដេញរថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AB 3596 ដែលជាប្រភេទរថយន្តតាក់សុីក្រហម តាំងពីម្តុំផ្សារដេប៉ូមកម្ល៉េះ តែរថយន្តតាក់សុីព្យាយាមបើកគេចខ្លួនជាច្រើនផ្លូវរហូតមកដល់ចំណុចផ្លូវលេខ៣៦០កែង និងផ្លូវព្រះមុនីវង្ស ទើបខាងរថយន្តហាយឡែនឌ័រដកកាំភ្លើងម៉ាកAKបាញ់ចំនួន២គ្រាប់ធ្វើឲ្យរថយន្តតាក់សុីភ័យ និងកៀរឲ្យឈប់ចាប់បានមនុស្ស២នាក់វៃខ្នោះដាក់ចូលរថយន្តទៅបាត់ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តហាយឡែនឌ័រគឺជាក្រុមកម្លាំងនគរបាលក្រសួងមហាផ្ទៃ ដែលតាមដានកំណត់មុខសញ្ញាជាយូរមកហើយពាក់ព័ន្ធ និងការជួញដូរគ្រឿងញៀន។

ទោះជាយ៉ាងណា មិនអាចស្វែងព័ត៌មានពីសមត្ថកិច្ចឲ្យច្បាស់ពីមូលហេតុនៃការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនៅឡើយទេ ។

ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់រួមទាំងរថយន្តតាក់សុីត្រូវបានសត្ថកិច្ចបញ្ជូនទៅការិយាល័យក្រសួងមហាផ្ទៃដើម្បីសាកសួរបន្ត៕ សុខាសែនជ័យ


ចែករំលែក៖