ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ម្នាក់​ ពាក់ព័ន្ធ​ករណី​ លួច​រថយន្ត​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

ចែករំលែក៖

  ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖​ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅថ្ងៃសៅរ៍ទី​០៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ផែន​ព្រហ្មទណ្ឌ​ ផែន​ចរាចរណ៍​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​កាលពីវេលា​ម៉ោង​៦​និង​៤៥​នាទី​​ព្រលប់​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២៣​ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​របស់​ពលរដ្ឋ​ នៅ​ភូមិ​អូរ​ឫស្សី​ សង្កាត់​អូរ​ឫស្សី​ ក្រុង​ប៉ោយ​ប៉ែ​ត​​។​

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឱ្យដឹង​​ថា​ ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ​ អោ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឫស្សី​ សង្កាត់​អូរ​ឫស្សី​ ក្រុង​ប៉ោយ​ប៉ែ​ត​(​យោង​តេស្ត​ទឹកនោម​ ជនសង្ស័យ​មាន​សារធាតុ​ញៀន​)​ មុន​ធ្វើ​សកម្មភាព​ជនសង្ស័យ​ទើបតែ​ជក់​ថ្នាំ​ញៀន​រួច​ ។​ ចំណែក​ម្ចាស់​រថយន្ត​មានឈ្មោះ​ សៅ​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​តា​បែន​ ឃុំ​តា​បែន​ ស្រុក​ស្វាយចេក​ ។​

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ បាន​បញ្ជាក់​ថា​ យោង​ការ​រៀបរាប់​របស់​ម្ច​ស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច​ គាត់​បាន​ជិះ​រថយន្ត​ម៉ាក​ហ្វ​ត​ Ranger​ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2E​-7998​ បាន​ទៅ​មើល​ឃ្លាំង​ធ្វើ​ត្រី​របស់​ខ្លួន​ ហើយ​បាន​ចត​ចោល​លើ​ចិញ្ចើម​ផ្លូវ​ចម្ងាយ​២០​ម៉ែត្រ​មុខ​ឃ្លាំង​ ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន​ទេ​ ព្រោះ​គិត​ថា​ចុះ​ទៅ​មើល​មួយ​ភ្លេ​ត​ ស្រាប់តែ​១៥​នាទី​ក្រោយមក​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​នាក់​ បាន​ឡើង​បើករថយន្ត​របស់​ខ្លួន​ ចេញដំណើរ​លើ​ផ្លូវជាតិ​៥៨​ គេចខ្លួន​បាត់​ស្រមោល​ ទើប​ខ្លួន​ទូរស័ព្ទ​ប្តឹង​ឲ្យ​នគរបាល​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​ លោក​ឧត្តមសេនីយ៍​ នូ​ ជី​វ័​ន្ត​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ អោ​ រ​ដ្ឋា​ កំពុង​ដើរ​នៅ​លើ​ផ្លូវ​ មានការ​សង្ស័យ​បាន​ហៅ​សួរនាំ​ និង​ធ្វើការ​ឆែកឆេរ​ រក​ឃើញ​សោ​រថយន្ត​ហ្វ​ត​ក្នុង​ហោប៉ៅ​ខោ​ ជនសង្ស័យ​បាន​ប្រាប់​ថា​ គេ​បាន​បើករថយន្ត​ទៅ​ចត​ចោល​ក្នុង​ចំការ​ដំឡូង​ ចម្ងាយ​៥០០​ម៉ែត្រ​ពី​មណ្ឌល​សុខភាព​សង្កាត់​អូរ​ឫស្សី​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​សួ​នាំ​ និង​បាន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​គួរ​បញ្ជាក់​ថា​ ប្រតិបត្តិការ​បង្ក្រាប​ករណី​ចោរលួច​រថយន្ត​ គឺ​នគរបាល​បាន​ចំណាយពេល​អស់​ជាង​១​ម៉ោង​ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សម្រេច​ គឺ​ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ ដែល​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ ដល់​កម្លាំង​នគរបាល​គ្រប់​ក្រុង​,​ស្រុក​ បញ្ជាការ​វរ​:​ អង្គភាព​ពាក់ព័ន្ធ​ យាមល្បាត​ ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ទើប​រាល់​បទល្មើស​ដែល​កើតឡើង​ តែងតែ​ត្រូវ​បង្ក្រាប​បាន​ជោគជ័យ​ ប្រកបដោយ​ប្រសិទ្ធភាព​ ៕

ដោយ​៖សហការី​


ចែករំលែក៖