ព័ត៌មានទាន់ហេតុការណ៍៖

ករណីមេធាវី ទិត សុខវណ្ណា រំលោភយកដីផ្លូវសាធារណៈអាជ្ញាធរបានត្រឹមបិទសេចក្តីជូនដំណឹងឲ្យគេបកបោះចោល

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតម្ចាស់សំណង់រោងដែកជាមេធាវីដែលអាជ្ញាធរខណ្ឌសែនសុខ ចាត់ទុកថា ជាសំណង់ខុសច្បាប់ និងបានដាក់ពេលកំណត់ឲ្យរុះរើចេញជាច្រើនលើក ដោយមានលិខិតជូនដំណឹងផងនោះមកដល់ពេលនេះម្ចាស់សំណង់ខុសច្បាប់ដែលគេ ដឹងថា មានតួនាទីជាមេធាវីឈ្មោះ ទិត សុខវណ្ណា មិនគោរពតាមឡើយ ថែមទាំងបកលិខិតរបស់អាជ្ញាធរបោះចោលយ៉ាង រំភើយ និងដាក់ពាក្យស្នើសុំពន្យារពេលម្តង ហើយម្តងទៀតអត់ខ្វល់អំពីការរិះគន់របស់ប្រជាពលរដ្ឋ ឬចំណាត់ការរបស់អាជ្ញាធរ ឡើយ ។

ចំណែកអាជ្ញាធរក៏មិនហ៊ានចុះទៅរុះរើសំណង់ដែលខ្លួនដឹងថា រំលោភច្បាប់ទៅ ហើយនោះដែរដោយបណ្តែតបណ្តោយឲ្យ មេធាវីដែលចេះច្បាប់ ហើយបំពានច្បាប់ធ្វើ អ្វីស្រេចតែអំពើចិត្ត ។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោក ឃ្លាងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ២ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ថា ប្រពន្ធរបស់លោកមេធាវី ទិត សុខវណ្ណា បានដាក់លិខិតស្នើសុំទៅសាលា ខណ្ឌសែនសុខ និងសាលាសង្កាត់របស់ លោកដោយសុំពន្យារពេលរយៈពេល១០ ថ្ងៃទៀតដើម្បីរុះរើរោងដែកសង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋដោយខ្លួនឯង។

លោកចៅសង្កាត់បានបន្តថា លិខិតសុំ ពន្យារពេលនោះបានប្រើមូលហេតុថា ជាប់ រវល់បុណ្យសាច់ញាតិនៅស្រុក ។

ទោះជាយ៉ាងណាចៅសង្កាត់គោកឃ្លាងរូបនេះបានបញ្ជាក់ថា សំណង់រោងដែក ដែលរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ពីសំណាក់លោកមេធាវី ទិត សុខវណ្ណា ត្រូវតែរុះចេញជាដាច់ខាតមិនអាចទុកបានទេ។

គួរបញ្ជាក់ថា អាជ្ញាធរសង្កាត់គោកឃ្លាង ធ្លាប់បានយកលិខិតជូនដំណឹងឲ្យរុះរើដែល មានហត្ថលេខាលោក ញ៉ាត សាម៉េត ចុះ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ទៅបិទលើ រោងដែកសង់រំលោភលើផ្លូវសាធារណៈ របស់រដ្ឋដោយបានកំណត់ពេលឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើសំណង់រោងដែក ដែលសង់លើដីគម្រោងផ្លូវសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែ ផ្ទុយពីការកំណត់របស់អាជ្ញាធរលោក មេធាវីបំពានច្បាប់រូបនេះបានសុំពន្យារ ពេលរុះរើត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨។ ទីបំផុតមេធាវីរូបនេះនៅតែមិនគោរពតាមការសន្យា ខណៈដែលលិខិត ជូនដំណឹងក៏ត្រូវគេបកចោលពីលើរោង ដែករំលោភផ្លូវរដ្ឋនោះផងដែរ ។

គួរបញ្ជាក់ថា មេធាវី ទិត សុខវណ្ណា បាន សង់រោងដែករំលោភយកផ្លូវសាធារណៈ របស់រដ្ឋដែលមានប្លង់LMAP នៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើរួមទាំងអ្នកមានដីឡូត៍ក្បែរនោះផងបានថ្លែងចំអកដល់អាជ្ញាធរខណ្ឌសែនសុខថា អាជ្ញាធរខណ្ឌនេះខ្លាំងបានតែជាមួយអ្នកក្រអ្នកគ្មានលុយគ្មានអំណាចតូចតាចទេ ប៉ុន្តែដល់ពេលប៉ះគេមានលុយមានអំណាច មិនខ្លាចច្បាប់បែបនេះអាជ្ញាធរខ្លាចគេរួញកដូចអណ្តើក ។

ប្រជាពលរដ្ឋបានលើកឡើងថា បើ អាជ្ញាធរអនុវត្តច្បាប់បែងចែកអ្នកមាន អ្នកក្រ អ្នកធំ អ្នកតូចបែបនេះ តើឲ្យពួកគាត់ ទុកចិត្តរបៀបណា? ៕ ហេង សូរិយា

 


ចែករំលែក៖