ព័ត៌មានទាន់ហេតុការណ៍៖

កសិករភ្ជួរដីប៉ះគ្រាប់ផ្ទុះ របួសសុះសាច់ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កសិករភ្ជួរដីម្នាក់បានរបួសសុះសាច់យ៉ាងធ្ងន់ធ្ងរ ដោយសារកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅគ្រាដែលជនគ្រោះកំពុងភ្ជួរដីចំការក៏ប៉ះគ្រាប់ក្នុងដីផ្ទុះឡើងកក្រើកតែម្ដង ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចអូរតាទិន ស្ថិតក្នុងភូមិសំឡាញក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពនានាពីកន្លងកើតហេតុបានឲ្យដឹងថា ជនរងរបួសឈ្មោះ បុិច ហឹម ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុ ជនរងគ្រោះរបួសសុះសាច់(ធ្ងន់) ហេតុការណ៍នេះបានកើតឡើងនៅគ្រាកំពុងភ្ជួរដីចំការដោយគោយន្តកន្រ្តៃ ប៉ុន្តែជាអកុសលភ្ជួរប៉ះចំកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បណ្ដាលឲ្យផ្ទុះឡើងយ៉ាងកក្រើកដី រងរបួសបែបនេះ ការផ្ទុះគ្រាប់ក្នុងដីដែលបន្សល់ពីសម័យសង្គ្រាម ហើយបណ្ដាលឲ្យកសិកររបួសធ្ងន់នេះ គេមិនទាន់ដឹងថា ជាប្រភេទគ្រាប់អ្វីនៅឡើយនោះទេ ។

ប្រភពខាងលើបន្តថា ក្រោយកសិករភ្ជួរដីចំការប៉ះគ្រាប់ផ្ទុះរបួសសុះសាច់ ភ្លាមៗក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ពុំទាន់បញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ ខណៈតំបន់នោះឆ្ងាយដាច់ស្រយាល់ ៕ ប៉ឹម ពិន


ចែករំលែក៖