ព័ត៌មានទាន់ហេតុការណ៍៖

កាមរ៉ាសុវត្ថិភាពបកមុខចោរគាស់ផ្ទះលួចលុយ៩លានរៀលនៅត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួង ចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីម្ចាស់ផ្ទះបានយករូបភាព នៅលើកាមរ៉ាសុវត្ថិភាព មកបង្ហាញជាវត្ថុតាំង ដោយជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទុះចូលលួចយកប្រាក់អស់ជិត៩លានរៀល កាលពីវេលាម៉ោង០២ និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង សុខឃន់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយត្រូវជនសង្ស័យឈ្មោះ ម៉ា រ៉េន ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ រស់នៅក្នុងភូមិជីកែ សង្កាត់សួង ក្រុងសួង បានធ្វើសកម្មភាពគាស់ផ្ទុះចូលលួចយកប្រាក់អស់ចំនួន៧លាន និង៦សែនរៀល និងប្រាក់ដុល្លារចំនួន២៧០ដុល្លារ ខណៈដែលជនរងគ្រោះកំពុងតែសម្រាកនៅក្នុងបន្ទប់គេងរបស់ខ្លួន។

លោកអធិការបានបន្តឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពលួចរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានយករូបភាពនៅក្នុងកាមរ៉ាសុវត្ថិភាពមកបង្ហាញផង ទើបងាយស្រួលក្នុងការតាមចាប់ខ្លួនជនសង្ស័យបានយ៉ាងឆាប់រហ័សបែបនេះ ព្រមទាំងដកហូតបាននូវវត្ថុតាង ប្រាក់ដែលចោរលួចយកទៅ បានមកវិញគ្រប់ចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ វណ្ណៈ


ចែករំលែក៖