ព័ត៌មានទាន់ហេតុការណ៍៖

ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

ចែករំលែក៖

ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល ធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ផ្ដើមពីម៉ោង ៨:៣០នាទីយប់ ដល់ម៉ោង ១២:៤០នាទីរំលងអធ្រាត្រ ផ្សាយបានចំនួន ៣៥៣ឃុំ សង្កាត់ ។ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ទូរទស្សន៍ជាតិកម្ពុជា បានបន្តផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះជាបន្តទៀត ដោយចាប់ផ្ដើមពីម៉ោង ១១:០០ព្រឹក ដល់ម៉ោង ១:០០រសៀល ផ្សាយបានចំនួនសរុប ២៦៦ឃុំ សង្កាត់ ។

សរុបការផ្សាយលទ្ធផលបឋមដែលជាការជូនព័ត៌មាន អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផ្សាយបានចំនួន ៦១៩ ឃុំ សង្កាត់ ក្នុងចំណោមឃុំ សង្កាត់ ១៦៤៦ នៅទូទាំងប្រទេស។

មូលហេតុនាំឱ្យមានភាពរអាក់រអួល និងយឺតយ៉ាវក្នុងការផ្សាយលទ្ធផលបឋមនេះ ដោយសារ៖

ការបញ្ជូនទិន្នន័យពីឃុំ សង្កាត់ មក គ.ជ.ប តាម Internet មានភាពរអាក់រអួល និងយឺតយ៉ាវ

រូបថតនៃកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពី គឃ.សប មានភាពមិនច្បាស់លាស់

កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោតមិនបានបំពេញពេញលេញ។

ដោយសារមូលហេតុខាងលើនេះ ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា មិនបន្តបានទៀតទេ ប៉ុន្តែការផ្សាយលទ្ធផលបឋមនេះ នៅតែបន្តផ្សាយតាមគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh រហូតដល់ផ្សាយលទ្ធផលផ្លូវការ៕

ប្រភព៖ National Election Committee គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត


ចែករំលែក៖