ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករកាយវប្បកម្មឈ្នះមេដាយប្រាក់ និងសំរឹទ្ធិនៅថៃ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានបង្ហាញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ថា កីឡាករកាយវប្បកម្ម របស់កម្ពុជា២នាក់ ដណ្តើមបានមេដាយចំនួន២គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជើងឯក អាស៊ីអាគ្នេយ៍ លើកទី១៤ នៅ KORAT ប្រទេសថៃ។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា កីឡាករកម្ពុជា២នាក់ ដែលដណ្តើមបានមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង គឺកីឡាករឈ្មោះ សោភ័ណ្ឌ សំបូ និង កីឡាករ ទ្រីង ចាន់ ។ កីឡាករសោភ័ណ្ឌ សំបូ ដណ្តើមបានមេដាយប្រាក់ រីឯកីឡាករ ទ្រីង ចាន់ដណ្តើមបានមេដាយសំរឹទ្ធិ ។

សម្រាប់កម្មវិធីប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១៤នេះ កម្ពុជាបានបញ្ជូនកីឡាករ៣នាក់ ប៉ុន្តែមានតែកីឡាករ២នាក់ប៉ុណ្ណោះ បានឈ្នះមេដាយ គឺកីឡាករ សុភ័ណ្ឌ សំបូរ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Sport Physique up to 175cm និង កីឡាករ ទ្រីង ចាន់ លើវិញ្ញាសា Sport Physique over 175cm ។

ការប្រកួតនេះ មានប្រទេសចូលរួមចំនួន៦ដូចជា ថៃម្ចាស់ផ្ទះ កម្ពុជា វៀតណាម ភូមា សិង្ហបុរី និងម៉ាឡេស៊ី ក្នុងនោះមានកីឡាករ កីឡាការិនី៥៤នាក់ ៕ សារីម


ចែករំលែក៖