ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ អាំង សំអាត ប៉ះអ្នកប្រដាល់ថៃ ឈ្មោះ NAONG BALនៅប៉ុស្តិ៍លេខ៥

ចែករំលែក៖

ភ្នំពេញ៖ ប្រដាល់គុនខ្មែរ អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ជាមួយអ្នកប្រដាល់ថៃ ឈ្មោះ NAONG BAL ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ខណៈដែលកីឡាករ អ៊ុំ វណ្ណេត ជួប ភុនសោភ័ណ្ឌ ,ទេស ជីវ៉ា ជួប វ៉ែនហុងជីវ៉ុង ដើម្បីប្រកួតជម្រុះដំណាក់ទី២វគ្គ១៦នាក់ ក្នុងកម្មវិធីពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៦៥ គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧ ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកីឡាករ NAONG BAL មិនធ្លាប់មកប្រកួតនៅកម្ពុជាទេកន្លងមក ។ប៉ុន្តែលោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ TV5 បានឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អ ក្នុងពិភពកីឡាប្រដាល់ចាំនៅប្រទេសថៃ ។ បើទោះបី ព័ត៌មានដែលអ្នកគ្រប់គ្រងទទួលបានជុំវិញប្រវត្តសង្ខេប របស់ NAONG BAL មានលក្ខណៈល្អប្រសើរ តែប៉ះជាមួយកីឡា អាំង សំអាត ជើងខ្លាំងរបស់កម្ពុជា NAON GBAL ទំនងគ្មានលទ្ធផលល្អឡើយ។ សំអាត មានស្នៀតប្រដាល់ល្អ ពិសេស កណ្តាប់ដៃ និង ស្នៀតជើងទាត់ ការប្រកួតចុងក្រោយជាមួយកីឡាថៃ គឺឈ្នះ Doramorn ដោយពិន្ទុ ។

ដោយឡែកការប្រកួតដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៦៥ គីឡូក្រាម ដំណាក់កាលទី២ វគ្គជម្រុះក្នុងចំណោម១៦នាក់ ដោយទុក៨នាក់ សម្រាប់បន្តជម្រុះដំណាក់កាលទី៣ ដើម្បីជ្រើសយកតែ៤នាក់ ក្នុងនោះ ដំណាក់កាលទី៤ និង ទី៥ គឺប្រកួតដំណាក់ពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ។ សម្រាប់ការប្រកួត ជម្រុះលើកទី១ ក្នុងដំណាក់កាលទី២នេះ អ៊ុំ វណ្ណេត អ្នកប្រដាល់ក្លិបមរតកគុនខ្មែរ នឹងជួបប្រកួតជាមួយ ភុន សោភ័ណ្ឌ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ។

កាលពីក្នុងដំណាក់កាលទី១ អ៊ុំ វណ្ណេត វាយឈ្នះ អ៊ុំ កំសត់ ក្លិបព្រៃទទឹងខេត្តបាត់ដំបង ដោយពិន្ទុ រីឯ ភុន សោភ័ណ្ឌ ឈ្នះ រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ក្នុងទឹកទី១ ។ តែ ភុន សោភ័ណ្ឌ ឈ្នះដោយសារ រឿម វណ្ណៈ វាយខុសលក្ខន្តិកៈ ដោយវាយកែងថែមពីក្រោយ។ ចំពោះជួបគ្នារវាង ទេស ជីវ៉ា អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ និង វ៉ែន ហុងជីវ៉ុង អ្នកប្រដាល់ក្លិបកងកេងមានរិទ្ធ៕ សារីម


ចែករំលែក៖