ព័ត៌មានទាន់ហេតុការណ៍៖

កីឡាសីដក និងឈិនលូនជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការរំកិលលេខរៀងចុះនៅស៊ីហ្គេម២៩

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានដាក់ការរំពឹងថា កីឡាករសីដក និងឈិនលូនកម្ពុជា អាចជួយឲ្យកម្ពុជារំកិលលេខរៀងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាសីហា ឆ្នាំ២០១៧នេះ នៅប្រទេសម៉ាឡេស៊ី ខណៈដែលវិញ្ញាសាកីឡាមួយធ្លាប់មានប្រវវត្តិជួយឲ្យកម្ពុជារំកិលលេខរៀងពីចំណាត់ថ្នាក់លេខ៩ចុះមកនូវត្រឹមលេខ៨កាលពីស៊ីហ្គេមលើកទី២៨​នៅប្រទេសសិង្ហបុរីឆ្នាំ២០១៥កន្លងទៅ។ នេះគឺជាការលើកឡើងរបស់ លោក អ៊ុក សិទ្ធោជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានអប់រំកាយ និងកីឡា ចំណុះឲ្យក្រសួងអប់រំយុវជន និងកីឡា ក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យ អត្តពលលិកជម្រើសជាតិកីឡាសីដក និងឈិនលូនកម្ពុជា ចូលជួបសម្តែងការគូសម និងជម្រាបលាចេញទៅហ្វឹកហាត់បំប៉នបច្ចេកទេសនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទីរសៀល ថ្ងៃទី៨ ខែមិថុនា ហើយពួកគេបានចាកចេញពីមាតុភូមិនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ។

ក្នុងឱកាសដែលលោក អ៊ុក សិទ្ធិជាតិ បានផ្តាំផ្ញើដល់ អត្តពលិកកីឡាសីដក និងឈិនលូនទាំង១០នាក់ថា នៅពេលទៅដល់ប្រទេសគេ ត្រូវចេះរួមសាមគ្គីគ្នាក្នុងក្រុមឲ្យបានល្អ ។ ក្នុងនាមលោកតំណាងឲ្យក្រសួងអប់រំយុវជន និងកីឡា លោកសូមលើកទឹកចិត្តដល់កីឡាករ និងគ្រូបង្វឹក ធ្វើយ៉ាងខិតខំហ្វឹកហាត់ក្រេបជញ្ជក់យកចំណេះ និងបទពិសោធន៍ឲ្យបានច្រើន ដើម្បីត្រឡប់មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាំយកមេដាយមកជូនកម្ពុជាវិញ ពិសេសត្រូវសហការគ្នា រក្សាបាននូវចំណងមិត្តភាពល្អ ។

លោក អគ្គនាយកបានរំលឹងឡើងវិញថា កាលពី SEA GAMES លើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ប្រភេទកីឡាសីដក និងឈិន លូនគឺជាអ្នកជួយឲ្យកម្ពុជាបានរំកិលចំណាត់ថ្នាក់ពីលេខ៩ មកត្រឹមចំណាត់ថ្នាក់លេខ៨ ដោយធ្វើឲ្យកម្ពុជាឈានឡើងបានមួយកម្រិតទៀតនៅចំណាត់ថ្នាក់លេខរៀងSEA GAMES។

លោកបន្ថែមថា សម្រាប់ឆ្នាំនេះ ក្រសួងអប់រំយុវជន និងកីឡានូវតែបន្តមានក្តីសង្ឈឹមលើកីឡាសីដក និងឈិនលូនដដែល ថា អាចដណ្តើមមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខេសីហា ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីដើម្បីជួយរំកិលលេខរៀងកម្ពុជាឲ្យធ្លាក់មកនូវលេខក្រោមនេះបន្តទៀត។

សូមបញ្ជាក់ថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករជម្រើសជាតិសីដក និងឈិនលូនកម្ពុជាបានចាកចេញពីប្រទេសកម្ពុជា ទៅហ្វឹកហាត់ពង្រឹងសមត្ថភាព និងបច្ចេកទេសនៅទីក្រុងណាយពិដោរ សហភាពមីយ៉ាន់ម៉ា ចំនួន២ខែ ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាSEA GAMES ២០១៧ លើកទី២៩ នៅប្រទេសម៉ាឡេស៊ី៕ សារីម


ចែករំលែក៖