ព័ត៌មានទាន់ហេតុការណ៍៖

កុងតៃន័របុកម៉ូតូជាប់ អូស២០ម៉ែត្រ ស្ទះចរាចរណ៍រាប់ម៉ោង

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមរថយន្តកុងតឺន័រ និងរថយន្តធុនធំនៅតែបន្តបង្កគ្រោះថ្នាក់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ និងធ្វើឲ្យរងរបួសដល់មនុស្សថែមទាំងបង្កការកកស្ទះចរាចរណ៍ថែមទៀតផង ។

ជាក់ស្តែងនៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ ខាងកើតជាប់ស្តុប កែងផ្លូវឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានរថយន្តកុងតៃន័ររបស់ផែស្ងួតតិច​ ស្រ៊ុន​ មួយគ្រឿង​ បើកចេញពីផែលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូដែកកំពុងធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យគៀបជាប់ខាងក្រោមអូសជាង២០ម៉ែត្រតែសំណាងមិនរងរបួសធ្ងន់ធ្ងរដល់មនុស្ស និងធ្វើឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោងផងដែរត្រូវបានកម្លាំងនគរបាលចរាចរណ៍ក្រុង ច្រើននាក់ ចេញអន្តរាគមន៍ សម្រួលការកកស្ទះ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ឃើញបុរសរងគ្រោះជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-5337 ក្នុងទិសដៅពីកើតទៅលិច សរសៀតាមរបាំទ្រូងផ្លូវ លុះដល់បើកប្តូរគន្លង មកខាងស្តាំវិញ ត្រូវបានរថយន្តកុងតៃន័រ ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7371 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត តិចស្រ៊ុន ដែលទើបបើកចេញពីផែក្បែរនោះ បុកពីក្រោយ កល់ជាប់ម៉ូតូពីក្រោម ទាំងមនុស្ស អូស២០ម៉ែត្រ ទើបរថយន្តឈប់ស្ងៀម ។

ក្រោយកើតហេតុ ជនរងគ្រោះទៅបាត់ភ្លាមៗ នៅតែម៉ូតូ ជាប់ពីក្រោមរថយន្ត នៅកណ្តាលផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ ហើយត្រូវបានកម្លាំងនគរបាលចរាចរណ៍ក្រុង ប្រចាំនៅគោលដៅ ភ្លើងស្តុបច្រើននាក់ចេញមកអន្តរាគម៍ សម្រួលចាចរណ៍ ហូរញើសស្រស្រាក់ ទម្រាំយករថយន្ត និងម៉ូតូចេញទៅដាក់គៀនខាងបាន ហើយប្រគល់ឲ្យទៅជំនាញអធិការដ្ឋានខណ្ឌវាស់វែងរួចយកទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖