ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំក្នុងពេលកូរ៉េខាងត្បូងត្រៀមបើកការប្រកួតកីឡាអូឡាំពិក

ចែករំលែក៖

កូរ៉េខាងជើង បានធ្វើឲ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយប្រទេសនេះបានដង្ហែក្បួនព្យុហយាត្រាយោធានិងអាវុធទំនើបៗជាច្រើន ក្នុងពេលដែលកូរ៉េខាងត្បូងត្រៀមបើកការប្រកួតកីឡា អូឡាំពិករដូវរងា។ ការធ្វើសមយុទ្ធរបស់ កូរ៉េខាងជើង គឺជាសារ ដ៏សំខាន់ផ្ញើទៅកាន់ អាមេរិក ថាយោធានិងអាវុធរបស់កូរ៉េខាងជើងសម្រាប់តែអាមេរិកមួយគត់ មិនសម្រាប់កូរ៉េខាងត្បូងដែលជាបងប្អូននោះឡើយ។ កូរ៉េខាងជើង ក៏បានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់កូរ៉េខាងត្បូង គឺជាការបញ្ជាក់ថា រាល់សកម្មភាពរបស់កូរ៉េខាងជើង មិន សំដៅទៅលើកូរ៉េខាងត្បូងនោះឡើយ។

វត្តមានរួមគ្នារវាងក្រុមកីឡាករកូរ៉េខាងត្បូង នឹងកូរ៉េខាងជើងជាសញ្ញាដែលបញ្ជាក់ពីភាពធូរស្រាលនៅឧបទ្វីបកូរ៉េ។ ពិត ណាស់ថា ក្តីសង្ឃឹម និងការចង់បានរបស់ សហគមន៍អន្តរជាតិ ពិសេសពលរដ្ឋកូរ៉េ គឺការរលាយចូលគ្នាឡើងវិញរវាងកូរ៉េទាំងពីរដូចជាការរំលំជញ្ជាំងក្រុងប៊ែរឡាំងរវាងអាល្លឺម៉ង់ខាងកើត នឹងអាល្លឺម៉ងខាងលិចកាលពីខែវិច្ឆិកា ឆ្នាំ ១៩៨៩នោះទេ។ ជានិច្ចកាល បងប្អូនបង្កើតគូសត្រូវកូរ៉េទាំងពីរតែងតែឆក់ឱកាស និងប្រើវេទិកាល្បែងកីឡាអូឡាំពិកដើម្បីឈានទៅរកការរួបរួមគ្នាឡើងវិញ។ នៅលើកនេះទៀត កូរ៉េខាងត្បូងបានឆក់ឱកាសក្នុងនាមជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកដើម្បីជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងដែល ដឹកនាំដោយប្អូនស្រីពៅរបស់លោកគីម ជុងអ៊ុន គឺលោកស្រីគីម យ៉ូជុងអាយុ ២៨ ឆ្នាំ។

នៅឧបទ្វីបកូរ៉េ មួយថ្ងៃមុនកូរ៉េខាងត្បូងបើកសម្ពោធកីឡាអូឡាំពិករដូវរងានៅថ្ងៃសុក្រ ទី៩ កុម្ភៈ កូរ៉េខាងជើងបានរៀបចំក្បួនព្យុហយាត្រានៅទីលានគីម អ៊ីលស៊ុងក្នុងទីក្រុងព្យុងយ៉ាងនាថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ។ តែនៅក្នុងក្បួនព្យុហយាត្រានេះ ទូរទស្សន៍ជាតិកូរ៉េខាងជើងមិនបានចាក់ផ្សាយបន្តផ្ទាល់ដូចលើកមុនៗទេ។ ទន្ទឹមគ្នានេះ របបក្រុងព្យុងយ៉ាងក៏បានបញ្ជាក់ថា ខ្លួនគ្មានបំណងនឹងប្រែក្លាយវេទិកាកីឡាមួយនេះទៅជាវេទិកានយោបាយឡើយ។

ទោះជាយ៉ាងនេះក្តី វត្តមានរបស់ក្រុម កីឡាករកូរ៉េខាងជើងក៏ដូចជាដំណើរទៅ ចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងនៅក្នុងពិធីបើកសម្ពោធនឹងគ្មានការប្រែប្រួលឡើយ។

បំណងរបស់កូរ៉េខាងជើងដែលបាន រៀបចំក្បួនព្យុហយាត្រាពេលនេះ គឺគ្មាន អ្វីក្រៅពីបន្តបង្ហាញ និងបង្អួតពិភពលោក នូវសក្តានុពលយោធារបស់ខ្លួនដូចដែលលោកមនុស្សខ្លាំងគីម ជុងអ៊ុនបានថ្លែងនាឱកាសក្បួនព្យុហយាត្រានៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ថា កូរ៉េខាងជើងបានក្លាយជារដ្ឋ មួយដែលមានសមត្ថភាពក្នុងការបង្ហាញប្រាប់ពិភពលោកនូវលក្ខន្តិកៈនៃមហា អំណាចយោធាកូរ៉េខាងជើងខ្នាតអន្តរ ជាតិ។ ម្យ៉ាងទៀត ក្បួនព្យុហយាត្រានេះក៏ជាសារព្រមានមួយដែលក្រុងព្យុងយ៉ាងចង់ផ្ញើទៅកាន់អាមេរិក និងកូរ៉េខាងត្បូង ដែលមានគម្រោងចង់ធ្វើសមយុទ្ធរួមគ្នានៅពេលខាងមុខ។

តាមធម្មតា កូរ៉េខាងជើងតែងរៀបចំក្បួនព្យុហយាត្រានៅរៀងរាល់ថ្ងៃទី២៥ ខែមេសាដែលជាថ្ងៃបង្កើតកងទ័ពបដិវត្តន៍ប្រជាជនក្នុងថ្ងៃទី២៥ មេសា ឆ្នាំ ១៩៣២។ តែនៅក្នុងខែមករាកន្លងទៅថ្មីៗនេះ កូរ៉េខាងជើងបានប្រកាសពីការលើកមកធ្វើក្នុងថ្ងៃទី៨ កុម្ភៈដែលជាថ្ងៃបង្កើតកងទ័ពជាតិខាងជើងក្នុងថ្ងៃទី៨ កុម្ភៈ ឆ្នាំ ១៩៤៨។ កំណត់ សម្គាល់មួយទៀត ក្បួនព្យុហយាត្រារបស់កូរ៉េខាងជើងពេលនេះមិនត្រូវបានទូរទស្សន៍រដ្ឋចាក់ផ្សាយបន្តផ្ទាល់ដូចក្បួនព្យុហយាត្រាកាលពីខែមេសា ឆ្នាំ ២០១៧នោះទេ។

ព័ត៌មានស្តីពីក្បួនព្យុហយាត្រារបស់កងទ័ពកូរ៉េខាងជើងពេលនេះបានផ្តល់ដោយប្រភពរដ្ឋាភិបាលនៅទីក្រុងសេអ៊ូលពោលមិនមែនរដ្ឋាភិបាលនៅក្រុងព្យុងយ៉ាង។ យ៉ាងណាក៏ដោយ កូរ៉េខាងជើងបានចេញ មុខការពារថា រឿងក្បួនព្យុហយាត្រាពេលនេះជារឿងផ្ទែក្នុងរបស់កូរ៉េខាងជើងសុទ្ធសាធដែលគ្មានជំពាក់វាក់វិននឹងការរៀបចំល្បែងកីឡាអូឡាំពិកនៅកូរ៉េខាងត្បូងឡើយ៕ ម៉ែវ សាធី

 


ចែករំលែក៖