ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់មីស៊ីលចេញពីនាវាមុជទឹក

ចែករំលែក៖

សារព័ត៌មានយ៉នហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹក នៅតំបន់សមុទ្រភាគខាងកើត ប្រទេសនេះ។ ការបាញនោះ ធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo ។

ការបាញ់មីស៊ីលខាងលើ កើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើងបានគម្រាមកំហែងថា នឹងវាយបកទៅលើការធ្វើសមយុទ្ធរវាងអាមេរិក នឹងកូរ៉េខាងត្បូង ដោយទីក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធនោះ ជាការប៉នប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង ។

ទីក្រុងព្យុងយ៉ាងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធ និងដាក់ពង្រាយប្រពន្ធកាំជ្រួចមីស៊ីលនៅកូរ៉េខាងត្បូងដើម្បីទប់ស្កាត់កាំជ្រួចមីស៊ីលរស់កូរ៉េខាងជើង។

កាលពីខែកក្កដា កន្លងមក កូរ៉េខាងជើង ក៏បានសាកល្បងមីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះផងដែរ ប៉ុន្តែការសាកល្បងនោះបរាជ័យ ។ កាលពីខែមេសា ឆ្នាំ២០១៦ កូរ៉េខាងជើង ក៏បានសាក់ល្បងមីស៊ីលបរាជ័យដោយមីស៊ីលបានផ្ទុះឆេះ ក្រោយហោះហើរបានប្រមាណ៣០គីឡូម៉ែត្រ ។ ចំណែកការបាញ់នៅថ្ងៃទី២៤ ខែសីហានេះ មិនទាន់មានព័ត៌មានថា ទទួលបានជោគជ័យ ឬយ៉ាងណានោះទេ ។

កាលពីថ្ងៃទី២២ ខែសីហា អាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពីកម្លាំងទាហានជាង៧៥ពាន់នាក់ ក្នុងនោះមានទាហានកូរ៉េខាងត្បូង៥ម៉ឺននាក់ ចំណែកទាហានអាមេរិកមាន២៥ពាន់នាក់ ។ ការធ្វើសមយុទ្ធនោះ អូសបន្លាយរហូតដល់ថ្ងៃទី២ ខែកញ្ញា ដើម្បីបង្កើនសម្ថភាពការពារ និងរក្សាសន្តិសុខស្ថេរភាពនៅឧប្បទ្វីបកូរ៉េ ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ កូរ៉េខាងជើងបានប្រមានថា នឹងបើកការវាយប្រហារ ឆ្លើយតប់ទៅនឹងការធ្វើសមយុទ្ធខាងលើ ដោយចោទប្រកាន់ថា ការធ្វើសមយុទ្ធនោះជាការឌឺដងសម្រាប់សង្គ្រាមបរមាណូ ប្រឆាំងកូរ៉េខាងជើង ។ ការគម្រាមកំហែងបែបនេះរបស់កូរ៉េខាងជើងមិនមែនជាលើកទីមួយឡើយ គឺរាល់ពេលអាមេរិកកូរ៉េខាងត្បូងធ្វើសមយុទ្ធកូរ៉េខាងជើងតែងតែគម្រាមកំហែងបែបនេះ ។

ក្រៅពីធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយធំប្រទេសទាំងពីរ ក៏មានសមយុទ្ធ ប្រចាំឆ្នាំដែលមានឈ្មោះថា Ulchi Freedom Guardian ។ សមយុទ្ធនោះ គឺហាត់សមនៅលើកុំព្យូទ័រធ្វើដូចជាការវាយប្រហារពិតៗ ពីសំណាក់កូរ៉េខាងជើង ។ សមយុទ្ធហាត់សមរូមគ្នារវាងទាហានអាមេរិក និងកូរ៉េខាងត្បូងដែលមានគ្នាចំនួនទាំងអស់៨ម៉ឺននាក់ ជារាងរាល់ឆ្នាំតែងតែបង្កើនកំដៅនៃភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េជាពិសេសនៅឆ្នាំនេះតែម្ត ងដែលស្ថានភាពនៅក្នុងតំបន់បានធ្លាក់ចុះដុនដាប។
 
ម្យ៉ាងទៀត បន្ទាប់ពីព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនជាបន្តបន្ទាប់គ្នារហូតមកដល់លើកទីបួនកាលពីខែមករាកន្លងមកក្រុមអ្នកជំនាញខ្លះ ជឿជាក់ថាទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរនេះកាន់តែតានតឹងខ្លាំងជាងមុន ចាប់តាំងពី ទសវត្សឆ្នាំ១៩៧០។ទោះបីជាវ៉ាស៊ីនតោននិងសេអ៊ូល ខិតខំបញ្ជាក់អះអាងថាសមយុទ្ធរបស់ខ្លួនដែលមានគោលដៅដើម្បីបង្ការការពារខ្លួនដ៏សុទ្ធសាធក្តីក៏ព្យុងយ៉ាងនៅតែមិនសុខចិត្តនិងនៅតែចាត់ទុកថាជាការបង្កហេតុដដែល ៕ ម៉ែវ សាធី

 

Fig4_SLBM-Launch-1-May-9-2015-KCNA tai_xuong_7


ចែករំលែក៖