ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងមិនបានប្រើប្រាស់ប្រាក់ខែពលករដល់កម្មវិធីអាវុធឡើយ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា កាល ពីថ្ងៃទី ២៨ខែធ្នូ ក្រុមអ្នកឯកទេស មកពី ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បាន បញ្ជាក់ថា គ្មានភ័ស្តុតាងបង្ហាញថា ប្រាក់ ខែកម្មករកូរ៉េខាងជើង ធ្វើការនៅតំបន់ ឧស្សាហកម្មកេសុ៊ង មិនបានជំនួយដល់ កម្មវិធីបរមាណូនោះឡើយ។

ការស្រាវជ្រាវរបស់ក្រុមអ្នកឯកទេសបានលុបចោល នូវទស្សនៈ ថារដ្ឋាភិបាល កូរ៉េខាងជើង បានប្រើប្រាស់ប្រាក់ខែរបស់កម្មការនៅតំបន់ឧស្សាហកម្មរួមកេស៊ុងក្នុងគោលដៅយោធា។

ការច្រានចោលខាងលើកើតឡើងក្រោយពេលកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈ ចម្ងាយឆ្ងាយ កាលពីឆ្នាំ២០១៦ និងការសាកល្បងបរមាណូក៏ដូចមីស៊ីលជាច្រើនលើក នៅឆ្នាំ២០១៧នេះគឺបានកើតឡើង ក្រោយពេលដែល តំបន់ឧស្សាហកម្មរួមនោះត្រូវបានបិទទ្វារយ៉ាងយូរ។

តាំងពីដើមមកប្រទេសលោកខាងលិច បានយល់ឃើញថា កូរ៉េខាងជើង ប្រមូលប្រាក់ដុល្លារបានពីកម្មករធ្វើការនៅក្រៅ ប្រទេស ក៏ដូចជាក្រុមហ៊ុនរបស់កូរ៉េខាងជើងនៅក្នុងប្រទេសជិតខាងដូចជាប្រទេសចិនជាដើម។ ប៉ុន្តែ ការយល់ឃើញទាំងនោះ មិនមែនជាការពិតឡើយដោយសារតែកូរ៉េខាងជើង មានប្រភពចំណូលជាច្រើនដែលពិភពលោកមិនដឹង ។

កន្លងមកថ្មីៗមានការបែកធ្លាយថាមានប្រទេសរហូតដល់ទៅ ជាង៥០នៅជុំវិញ ពិភពលោក នៅតែបន្ត លួចលាក់ទំនាក់ ទំនងរកសុីជាមួយកូរ៉េខាងជើងដដែល។សូម្បីតែក្រុមហ៊ុនប្រេងរបស់ចិននៅតែលួចលាក់ដឹកជញ្ជូនប្រេងទៅកាន់កូរ៉េខាងជើង តាមទីផ្សារងងឹត បញ្ចៀសការដាក់ទណ្ឌ កម្ម របស់អង្គការសហប្រជាជាតិ។ក្រៅពីនេះកូរ៉េខាងជើង នៅមានធនធានរ៉ែធម្ម ជាតិជាច្រើនដែលប្រទេសផ្សេងទៀតចង់បាន ទើបជំរុញឲ្យមានទំនាក់ទំនងរកសុីដោយសម្ងាត់។ មិនតែប៉ុណ្ណោះក្រុមហ៊ុននាវាដឹកជញ្ជូនជាច្រើនក៏បានបន្តសហការដឹកជញ្ជូនដល់កូរ៉េខាងជើង ដោយចុះបញ្ជីនៅក្នុងប្រទេសផ្សេងគេចពីការចាប់បាន។

កន្លងមកកូរ៉េខាងជើង បានបញ្ចេញ ប្រតិកម្មតបនឹងក្រុមប្រឹក្សាសន្តិសុខដែលបានចេញសេចក្តីសម្រេចចិត្តដាក់ទណ្ឌ កម្មថ្មីប្រឆាំងខ្លួន ។ ក្រុងព្យុងយ៉ាងបាន ចាត់ទុកទណ្ឌកម្មថ្មីនេះជាទង្វើសង្រ្គាម និងថា សេចក្តីសម្រេចចិត្តរបៀបនេះនឹងមិនអាចរារាំងកូរ៉េខាងជើងឲ្យបន្តការអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលី ស្ទិកបានឡើយ។

ប្រតិកម្មរបស់កូរ៉េខាងជើងបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសចុះផ្សាយដោយទីភ្នាក់ងារផ្លូវការឈ្មោះ KCNA ថា« យើងសូមទាត់ចោលទាំងស្រុងនូវទណ្ឌកម្មចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយចាត់ទុក ទណ្ឌកម្មនោះជាការរំលោភបំពានលើអធិបតេយ្យនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងជាទង្វើសង្រ្គាមដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់»។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងការបរទេសបានព្យាយាមបញ្ជាក់ថា វាពិតជាកំហុសឆ្គងដ៏ធំធេងខ្លាំងណាស់ ប្រសិនបើគ្រប់គ្នាជឿជាក់ថា ទណ្ឌកម្ម អាចនឹងបញ្ឈប់ដំណើរទៅមុខរបស់ពលរដ្ឋកូរ៉េខាងជើងឆ្ពោះទៅបំពាក់អាវុធនុយក្លេអ៊ែរនោះ។ នៅក្នុងន័យនេះ ក្រសួងការ បរទេសបានរម្លឹកថា អាមេរិក និងក្រុម ប្រទេសផ្សេងទៀតដែលដើរតាមគន្លង អាមេរិកមិនគួរភ្លេចទេថា កូរ៉េខាងជើងអាចវាយប្រហារនុយក្លេអ៊ែរលើដែនដីអាមេរិកាំងបាន។ ប្រតិកម្មខ្លាំងៗរបស់ក្រុងព្យុងយ៉ាងបែបនេះបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខបានអនុម័តទណ្ឌកម្មថ្មីប្រឆាំង កូរ៉េខាងជើងតាមសំណើរបស់អាមេរិក។

នៅក្នុងទណ្ឌកម្មថ្មីនោះ ក្រុមប្រឹក្សា សន្តិសុខបានសំដៅលើវិស័យសំខាន់ចំនួនពីរ ទី១-កម្រិតនៃការនាំចូលប្រេងទៅឲ្យ កូរ៉េខាងជើង និងទី២-ហាមមិនឲ្យទទួលយកពលករកូរ៉េខាងជើងធ្វើការនៅបរទេស។ ក្រៅពីហាមមិនឲ្យទទួលយកពលករកូរ៉េខាងជើង ទណ្ឌកម្មថ្មីក៏បានតម្រូវឲ្យមានការបញ្ជូនពលករកូរ៉េខាងជើងរាប់ពាន់នាក់ដែលកំពុងធ្វើការនៅបរទេស ពិសេសនៅចិន និងរុស្ស៊ីឲ្យត្រឡប់ទៅកាន់ស្រុកកំណើត វិញពីពេលនេះដល់ដំណាច់ឆ្នាំ ២០១៩។ ចំណែកការនាំប្រេងឆៅ និងប្រេងចម្រាញ់ រួចទៅឲ្យកូរ៉េខាងជើងនឹងត្រូវកាត់បន្ថយ ចំនួន ៧៥%៕ ម៉ែវ សាធី


ចែករំលែក៖