ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងដាក់លក្ខខណ្ឌភ្ជាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅថ្ងៃទី២៣ ខែឧសភា កូរ៉េខាងត្បូង បានជម្រុញឲ្យមានសកម្មភាព ដើម្បីបន្តដំណើរការតំបន់ឧស្សាហកម្មរួមកែស៊ុងឡើងវិញ ក៏ដូចជាកម្មវិធីទេសចរណ៍ជាមួយកូរ៉េខាងជើង នៅពេលណាដែល បញ្ហាវិវាទស្តីពីបរមាណូរបស់កូរ៉េខាងជើងត្រូវបានដោះស្រាយ។

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានប្រកាសថា «ការដំណើរការឡើងវិញនូវតំបន់ឧស្សហកម្មមានផ្សែង និងឧស្សាហកម្មអត់ផ្សែង គឺចាំបាច់ត្រូវតែធ្វើដើម្បីគោលដៅយូរអង្វែង។ ប៉ុន្តែអ្វីដែលត្រូវតែធ្វើមុនគេនោះគឺ ស្វែងរកដំណោះស្រាយបញ្ចប់កម្មវិធីបរមាណូ កូរ៉េខាងជើង ជាមុនសិន» ។

ក្រៅពីនេះ មន្ត្រីកូរ៉េខាងត្បូង ក៏បានលើកឡើងថានឹងទទួលយក នូវ សំណើរៀបចំព្រិត្តិការរួមនៅថ្ងៃទី១៥ ខែមិថុនា ក្នុងប្រទេសកូរ៉េខាងជើង ដើម្បីរំលឹកថ្ងៃដែលប្រទេសទាំងពីរជួបពិភាក្សាគ្នាជាលើកដំបូង។

ការប្រកាសខាងលើរបស់កូរ៉េខាងត្បូងកើតឡើង ក្នុងពេលដែល រដ្ឋាភិបាលថ្មី របស់ប្រទេសនេះ មានគោលនយោបាយផ្សះផ្សាជាមួយកូរ៉េខាងជើង និងបន្តឡើងវិញនូវបណ្តាញទំនាក់ទំនងប្រទេសទាំងពីរ បើទោះបីកូរ៉េខាងជើង បានសាកល្បងមីស៊ីលជាបន្តបន្ទាប់ក្តី ។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ ក្នុងការសាកល្បងបាញ់គ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមឈ្មោះថា “Pukguksong-2” ។

សេចក្តីរាយការណ៍ក៏បានបញ្ជាក់ថា “ការធ្វើតេស្តបាញ់មីស៊ីល Pukguksong-2 វាជាការបញ្ជាក់ជាចុងក្រោយ នៃការបញ្ចប់បច្ចេកទេស នៃការផលិតសព្វាវុធដែលមានលក្ខណៈជាប្រព័ន្ធ ហើយការធ្វើតេស្តនេះដែរ វាមានលក្ខណៈខុសគ្នា នៃការប្រើប្រាស់នៅសមរភូមិនៅមុនពេលកូរ៉េខាងជើងដាក់ពង្រាយនៅតាមអង្គភាពយោធាសម្រាប់សកម្មភាពពិតប្រាកដ” ។

នេះជាការធ្វើតេស្តលើកទី២ហើយ សម្រាប់ DPRK ក្នុងរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ដោយកាលពីថ្ងៃអាទិត្យ កន្លងផុតទៅ មួយសប្តាហ៍នោះ ប្រទេសនេះបានបាញ់សាកល្បងគ្រាប់ មីស៊ីលផ្លោង រយៈចម្ងាយមធ្យមដែរ ដែលមានឈ្មោះថា “Hwasong 12” ។

គួរបញ្ជាក់ថា គ្រាប់មីស៊ីលផ្លោង Pukguksong-2 អាចមានសមត្ថភាព កម្ទេចទីតាំងរបស់សត្រូវ បានរហូតដល់៥០០គីឡូម៉ែត្រ៕ ម៉ែវ សាធី


ចែករំលែក៖