ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង អាមេរិក ឯកភាពគ្នាធានាដល់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងដោយជោគជ័យ

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែមីនា ប្រធានការិយាល័យសន្តិសុខ កូរ៉េខាងត្បូង លោក Chung Eui Yong បានប្រកាសថា កូរ៉េខាងត្បូង និងអាមេរិក បានព្រមព្រៀងគ្នា ធានាដល់កិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង ដោយជោគជ័យ។

នៅក្នុងកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H R McMaster លោក Chung Eui Yong បានបញ្ជាក់ថា ភាគីទាំង២បានឯកភាពគ្នា ក្នុងការធានាដល់កិច្ចប្រជុំជាន់ខ្ពស់ជាមួយកូរ៉េខាងជើង ប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីសន្តិភាព និងស្ថិរភាព នៅឧប្បទ្វីបកូរ៉េ និងពិភពលោកទាំងមូល ។

កន្លងមក មន្ត្រីជាន់ខ្ពស់នៅក្នុងវិមានប្រធានាធិបតី លោក មូន ជេអុីន បានប្រកាសថា ជំនួបរវាងលោក Chung Eui Yong នឹង H R.McMasterកាលពីពេលកន្លងមកនៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ អាមេរិក ទទួលបានជោគជ័យ ហើយកិច្ចប្រជុំជាន់ខ្ពស់រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំ គីម ជុងអ៊ុន ក៏ដូចជាជំនួបរវាងលោក មូន ជេអុីន និងគីម ជុងអ៊ុន នឹងត្រូវធ្វើឡើងដូចការគ្រោងទុក នៅខែមេសា និងខែឧសភាឆ្នាំ២០១៨ខាងមុខ។

នេះជាលើកទី២ហើយដែលលោក Chung Eui Yong ទៅកាន់អាមេរិក ក្រោយដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់កូរ៉េខាងជើង ក្នុងនាមជាតំណាង ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កាលពីថ្ងៃទី២០ ខែមីនា ក្រសួងការបរទេស កូរ៉េខាងត្បូងបានប្រកាសថា មន្ត្រីការបរទេសកូរ៉េខាងត្បូង និងអឺរ៉ុប ក៏បានព្រមព្រៀងគ្នា ដើម្បីស្វែងរកសន្តិភាពស្ថិរភាព នៅក្នុងតំបន់ សហការដើម្បីបញ្ចប់វិបត្តិបរមាណូនៅកូរ៉េខាងជើង។ ការប្រកាសខាងលើ ធ្វើឡើងក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung Whaបានចូលរួមកិច្ចប្រជុំ ជាមួយអឺរ៉ុប កាលពីថ្ងៃទី១៩ ខែមីនា នៅទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិច។

បើទោះបីអាមេរិក និងកូរ៉េខាងត្បូង មានការប្តេជ្ញាពិភាក្សាដោយជោគជ័យក្តី ប៉ុន្តែប្រទេសទាំង២មិនព្រមផ្អាកសកម្មភាពធ្វើសមយុទ្ធនោះឡើយ ដែលជាចំណុច ធ្វើឲ្យកូរ៉េខាងជើងអាចក្តៅក្រហាយឡើងវិញ។

តាមសារព័ត៌យ៉ុនហាបរបស់កូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី២០ ខែមីនា បានផ្សាយថា ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងដឹកនាំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ ទោះបីជាវានឹងអាចធ្វើឲ្យកូរ៉េខាងជើង មានភាពក្តៅក្រហាយឡើងវិញក៏ដោយ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងយ៉ាងដូច្នេះថា «ប្រមុខយោធានៃប្រទេសទាំង២ បានព្រមព្រៀងថា នឹងដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ Key Resolve និង Foal Eagle នៅលើទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានផ្អាកឈរលើស្មារតី នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ការធ្វើសមយុទ្ធយោធានឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសា ហើយវានឹងត្រូវដំណើរការដូចឆ្នាំមុនៗ»។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបញ្ជាក់ថា ពេលណាសមយុទ្ធនេះនឹងត្រូវបញ្ចប់ និងមានកងទ័ពចំនួនប៉ុន្មាន ចូលរួមនោះទេ។ ក៏ប៉ុន្តែការប្រកាសនេះ កើតមានឡើងនៅចំពេលទីក្រុងសេអ៊ូល កំពុងរៀបចំនីតិវិធីសម្រាប់កិច្ចប្រជុំអន្តរកូរ៉េ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមេសាខាងមុខនេះ៕ ម៉ែវ សាធី

 


ចែករំលែក៖