ព័ត៌មានទាន់ហេតុការណ៍៖

កំណើននៃរថយន្តដឹកសំពីងសំពោងកំពុងមានចរាចរណ៍គួរឲ្យភ័យខ្លាច

ចែករំលែក៖

ខេត្តកំពង់ធំ៖ សកម្មភាពរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ ចូលមកក្នុងក្រុងស្ទឹងសែនរៀងរាល់ថ្ងៃ មិនដែលឃើញមានសមត្ថកិច្ចនគរបាលបង្ក្រាបនោះឡើយ ដែលធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូររបស់ខេត្ត ។ ប្រជាពលរដ្ឋបានសំណូមពរដល់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ សូមមានវិធានការទប់ស្កាត់ចំពោះបញ្ហាអសកម្មរបស់មន្ត្រីនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់នៅថ្នាក់ក្រោមរបស់លោកផង ។

ពលរដ្ឋបន្តរថា ខណៈដែលច្បាប់ចរាចរណ៍ផ្លូវគោកកំពុងត្រូវបានរឹតបន្តឹងឲ្យអនុវត្តនោះ បច្ចុប្បន្ននេះ គេសង្កេតឃើញមានរថយន្តគ្រប់ប្រភេទដឹងជញ្ជូនទំនិញសំពីងសំពោង ចូលមកក្នុងក្រុងស្ទឹងសែនយ៉ាងអនាធិបតេយ្យ ដោយគ្មានការរំខានពីសមត្ថកិច្ចនោះទេ ជាក់ស្តែងដូចជារថយន្តសាំយ៉ុងដឹកផ្លែឈើល្មើសច្បាប់ ដាក់សំពីសំពោង មកដាក់ឲ្យម៉ូយនៅចំណុចផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ដឹកចូលមកដាក់នៅម៉ោងប្រហែលជា ៤និង៣០នាទីរៀងរាល់ទៀបភ្លឺ ដោយគ្មានសមត្ថកិច្ចណាម្នាក់មករំខាននោះឡើយ ។

គេសង្កេតឃើញថា មានតែប៉ូលិសប៉ុស្តិ៍ផ្សារកំពង់ធំទេ ដែលចាំយកតែលុយដាក់ហោប៉ាវ មិនឲ្យរួចរថយន្តណាមួយឡើយ ទង្វើទាំងអស់នេះហើយគឺជាភាពអសកម្ម និងអសមត្ថភាពរបស់នគរបាលចរាចរណ៍នោះ ហេតុដូច្នេះពលរដ្ឋមានតែ សំណូមពរដល់ លោក អភិបាលខេត្តកំពង់ធំ សូមមេត្តាមានវិធានការចំពោះបញ្ហានេះផង ពីព្រោះជាករណីល្មើសច្បាប់យ៉ាងអនាធិបតេយ្យដែលកើតមានពីការដឹកចូលមកក្នុងក្រុងស្ទឹងសែន ។

ការសំណូមពរទៅដល់លោកអភិបាលខេត្តយ៉ាងដូច្នេះ ក៏ដោយសារតែកន្លងមក បទល្មើសនៃការដឹកទំនិញសំពីងសំពោង ចូលមកក្រុងក្រុងស្ទឹង ឬក៏ដឹកឆ្លងកាត់ក្រុងស្ទឹងសែននេះ ពលរដ្ឋមិនដែលឃើញសមត្ថកិច្ចចាត់វិធានការឲ្យក្តៅចំពោះរថយន្តល្មើសទាំងអស់នោះឡើយ ។ ពលរដ្ឋពួនៅតែឆ្ងល់ហើយឆ្ងល់ទៀតថា ហេតុអ្វីក៏រថយន្តដឹកសំពីងសំពោងល្មើសច្បាប់ទាំងអស់នេះ អាចដឹកទំនិញចូលមកក្នុងក្រុងស្ទឹងសែនបានយាងរលូនដូច្នេះ ពីព្រោះនៅតាមដងផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តសៀមរាបមក គឺសុទ្ធតែមានទីតាំងប៉ុស្តិ៍នគរបាល ហើយនិងអធិការរដ្ឋាននគរបាលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ រហូត ឬមួយក៏សមត្ថកិច្ចជំនាញទាំងអស់នោះ ដេកចាំតែយកលុយពីក្បាលឡានដឹកល្មើសទាំងអស់នោះដាក់ហោប៉ាវ ជាថ្នូរនឹងការមិនបង្ក្រាប ប្រសិនបើយ៉ាងដូច្នេះនោះ ប៉ូលិស និងអ្នកដឹកប្រព្រឹត្តល្មើស មានខុសអ្វីពីគ្នា? អ្នកអនុវត្តច្បាប់ យកច្បាប់មកធ្វើជាការលេងសើចយ៉ាងដូច្នេះនោះ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ពលរដ្ឋក៏បានសំណូមពរយ៉ាងទទូចដល់ថ្នាក់លើ សូមមេត្តាចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះមន្ត្រីនគរបាលអសកម្មមួយចំនួននៅថ្នាក់ក្រោមរបស់លោក ដែលមិននាំគ្នាអនុវត្តច្បាប់ គិតតែប្រមូលលុយដាក់ហោប៉ាវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ៕ ប៊ុនរិទ្ធី


ចែករំលែក៖