ព័ត៌មានទាន់ហេតុការណ៍៖

ក្តីស្រមៃចង់បានឯករាជ្យចេញពីចិនដីគោករបស់តៃវ៉ាន់ កាន់តែបាត់បង់

ចែករំលែក៖

ពលរដ្ឋរដ្ឋកោះតៃវ៉ាន់ បានបង្ហាញពីគោលបំណងមិនចង់ឯករាជ្យចេញពីចិនដីគោកឡើយតាមរយៈការបោះឆ្នោតឃុំ សង្កាត់ នាពេលកន្លងមក ។ការប្រកាស លទ្ធផលឆ្នោត ដែលបង្ហាញថា គណ បក្សកាន់អំណាចបាត់បង់ក្រុង មកនៅត្រឹម តែ ៦ក្រុង (គណបក្សប្រឆាំង គួកមិញតាំង បានទទួល ១៥ក្រុង) ប្រធានាធិបតី តៃ វ៉ាន់ លោកស្រី តាយ អុីងវេន បានប្រកាសលាលែងចេញពីមុខតំណែងប្រធានបក្សកាន់អំណាច។ ចំណែកទីក្រុងប៉េកាំងវិញ តាមរយៈកាសែតរដ្ឋចិន បានប្រកាស អបអរ ជ័យជម្នះរបស់បក្សប្រឆាំងតៃវ៉ាន់ គណបក្សជាតិនិយមគួកមិញតាំង ដែលនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ ក្រុងប៉េកាំង។

ការបោះឆ្នោត នៅថ្ងៃសៅរ៍ទី ទី២៤ ខែវិច្ឆិកា ជាការបោះឆ្នោតថ្នាក់មូលដ្ឋាន ប៉ុន្តែ វាមានសារៈសំខាន់ ឆ្លុះបញ្ចាំងឲ្យ ឃើញពីជំហរ និងការវាយតម្លៃរបស់ប្រជាជនតៃវ៉ាន់ ទៅលើគោលនយោបាយរបស់ រដ្ឋាភិបាលតៃវ៉ាន់ គឺរដ្ឋាភិបាលរបស់ លោកស្រី តាយ អុីនវេន។ ដោយបោះឆ្នោតទម្លាក់បេក្ខជនរបស់បក្សកាន់អំណាច របស់លោកស្រី តាយ អុីងវេន ប្រជាជន តៃវ៉ាន់ ចង់ដាក់ពិន័យបក្សកាន់អំណាច និងចង់បញ្ជាក់ថា គេមិនសប្បាយចិត្តនឹងការដឹកនាំកន្លងមករបស់លោកស្រីប្រធានាធិបតី តាយ អុីងវេននោះទេ។

ចំណែកលោកស្រីប្រធានាធិបតីតៃវ៉ាន់វិញជឿថា ក្រុងប៉េកាំង បានលូកដៃចូល ក្នុងកិច្ចការបោះឆ្នោត។ រដ្ឋាភិបាលបានបើកការស៊ើបអង្កេតទៅលើការលូកដៃរបស់ ចិន នៅក្នុងការបោះឆ្នោត ឃុំសង្កាត់ នៅថ្ងៃសៅរ៍ ជាពិសេសទៅលើការផ្តល់ ហិរញ្ញប្បទានដល់បេក្ខជនរបស់បក្សគួក មិញតាំង ជាបក្សប្រឆាំងដែលនៅតែរក្សា ទំនាក់ទំនងជិតដិតជាមួយក្រុងប៉េកាំង។

ប្រជាជនតៃវ៉ាន់ បោះឆ្នោតគាំទ្រគណ បក្សគួកមិញតាំង ដែលមាននិន្នាការងាកទៅជិតស្និទ្ធជាមួយចិន ប៉ុន្តែ មិនមែនមាន ន័យថា ពួកគេចង់ឲ្យតៃវ៉ាន់ ទៅស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់ចិននោះទេ។ ជាក់ស្តែង គណបក្សគួកមិញតាំង បានចាញ់ឆ្នោតប្រធានាធិបតី កាលពីឆ្នាំ ២០១៦ រហូតធ្វើឲ្យគណបក្សរបស់លោក ស្រីតាយ អុីងវេន ឈ្នះឆ្នោត ក៏ដោយសារ តែគណបក្សគួកមិញតាំង ត្រូវបានប្រជា ជនវាយតម្លៃថា មាននិន្នាការ រណបក្រុង ប៉េកាំងជ្រុលពេក។

ប្រជាជនតៃវ៉ាន់ មិនចង់ឲ្យតៃវ៉ាន់ ធ្លាក់ ទៅក្នុងដៃរបស់ចិនឡើយ ក៏ប៉ុន្តែ ជាមួយ គ្នានោះ ពួកគេក៏មិនចង់មានជម្លោះជាមួយចិនដែរ ដែលធ្វើឲ្យខូចឆ្នាំងបាយ ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់តៃវ៉ាន់។ ដោយចង់បន្ត នយោបាយដូចមុន គឺ មិនចង់រំលឹកនិយាយខ្លាំងពីបញ្ហាឯករាជ្យដែលនឹងធ្វើឲ្យប្រទេសចិន ខឹង ក្តៅក្រហាយ ដាក់ទណ្ឌកម្មសេដ្ឋ កិច្ចលើតៃវ៉ាន់ ប្រជាជនតៃវ៉ាន់ ផ្តោតសំខាន់ចង់បានប្រយោជន៍សេដ្ឋកិច្ច។ ទាំងគណ បក្សប្រឆាំង និងគណបក្សកាន់អំណាច អាចសិក្សាទាញយកបទពិសោធន៍ពីការបោះឆ្នោតលើកនេះ សម្រាប់ឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត ប្រធានាធិបតីខាងមុខ។ ពោលគឺដើម្បីបំពេញតម្រូវការ បំពេញចិត្ត ប្រជាជនតៃវ៉ាន់ ដែលចង់បានប្រធានាធិប តីមួយ មេដឹកនាំមួយ ដែលមិនប្រកាស ចំហរធ្វើសង្រ្គាមជាមួយចិន ប៉ុន្តែ ក៏មិនត្រូវស្ថិតនៅក្រោមរណបខ្លាំងរបស់ចិនដែរ។

ហេតុផលសេដ្ឋកិច្ចដូចជាការកាត់បន្ថយប្រាក់សោធននិវត្តន៍ ហើយនិងការកាត់ បន្ថយថ្ងៃឈប់សម្រាកបុណ្យ ជាហេតុផល សំខាន់មួយ ដែលធ្វើឲ្យប្រជាជនតៃវ៉ាន់ មិនសប្បាយចិត្តនឹងរដ្ឋាភិបាលដឹកនាំបក្សចម្រើនប្រជាធិបតេយ្យរបស់លោកស្រីតាយ អុីងវេន។ ប៉ុន្តែ ជាមួយគ្នានោះ ប្រជា ជនតៃវ៉ាន់ វាយតម្លៃថា ជីវភាពរស់នៅ និង ជំនួញរបស់ពួកគេ បានរងប៉ះពាល់យ៉ាង ខ្លាំង ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ចតៃវ៉ាន់ និងចិន ដែលចាប់ផ្តើមធ្លាក់ចុះ ល្អក់ កករ ចាប់តាំងពីលោកស្រី តាយ អុីងវេន មកពីគណបក្សមាននិន្នាការទាមទារឯក រាជ្យ ឈ្នះឆ្នោត ចូលដឹកនាំរដ្ឋាភិបាលតៃ វ៉ាន់។

ចាប់តាំងពីលោកស្រី តាយ អុីងវេន មកពីគណបក្សចម្រើនប្រជាធិបតេយ្យ ចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ ទីក្រុងប៉េកាំង ឈប់ធ្វើការជាមួយរដ្ឋាភិបាលរបស់លោកស្រីតាយ អុីងវេន។ មកពីគណបក្សដែលធ្លាប់ចង់បានឯករាជ្យឲ្យតៃវ៉ាន់ លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បានបដិសេធរហូតមកនូវការប្រកាសទាមទារ របស់ចិន ដែលថាតៃវ៉ាន់ជាដែនដីកោះ របស់ចិន ពោលគឺខុសពីមេដឹកនាំតៃវ៉ាន់ មុន គឺលោក ម៉ា យីងចូវមកពីគណបក្សគួក មិញតាំង។ ជាលទ្ធផល ចិនបានដាក់ សម្ពាធគ្រប់បែបយ៉ាង មិនថា តាមផ្លូវសេដ្ឋ កិច្ច ឬនយោបាយការបរទេស ទៅលើកោះ តៃវ៉ាន់។ ប្រទេសចិន ដែលប្រកាសទាម ទារតៃវ៉ាន់ ជាដែនដីកោះរបស់ខ្លួន បាន កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយតៃ វ៉ាន់ និងប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬប្រទេសណា ដែលមិនទទួលស្គាល់តៃ វ៉ាន់ ជាដីកោះរបស់ចិន។

ដោយសារតែការដាក់សម្ពាធរបស់ចិន តៃវ៉ាន់ បានបាត់បង់មិនត្រឹមតែ ប្រយោជន៍ សេដ្ឋកិច្ច ដូចជាភ្ញៀវទេសចរចិន ទៅតៃ វ៉ាន់តែប៉ុណ្ណោះទេ ប៉ុន្តែ តៃវ៉ាន់នូវ បានបាត់ បង់ប្រទេសសម្ពន្ធមិត្ត ដែលបានរត់ចោល តៃវ៉ាន់ ទៅទទួលស្គាល់ចិនតែមួយវិញ។

បរាជ័យរបស់បក្សកាន់អំណាចលើក នេះ បញ្ជាក់ឲ្យឃើញថា នយោបាយដាក់ ទណ្ឌកម្មរបស់ចិនទៅលើកោះតៃវ៉ាន់ មាន ប្រសិទ្ធភាព។ មួយវិញទៀត វាបានទៅ បំបាក់មុខមាត់របស់លោកស្រីតាយ អុីង វេន ផ្ទាល់តែម្តង។ នៅមុនការបោះឆ្នោត នៅថ្ងៃសៅរ៍ លោកស្រី តាយ អុីងវេន ធ្លាប់បានប្រកាសចាត់ទុកការបោះឆ្នោតឃុំ សង្កាត់លើកនេះ ថា ជាលទ្ធិប្រជាធិបតេយ្យ ដ៏សំខាន់ នៅតៃវ៉ាន់ ដែលខុសពីចិនដីគោក ល្បីខាងគាបសង្កត់ បិទសិទ្ធិសេរីភាព៕ ម៉ែវ សាធី


ចែករំលែក៖