ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងដំណើរវិលមកកាន់កម្ពុជាលើកទី២ អតីតឯកអគ្គរដ្ឋទូតជប៉ុន Yukio IMAGAWAចាត់ទុកកម្ពុជាជាប្រទេស កំណើតទី២របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណើរវិលមកកាន់ ប្រទេសកម្ពុជា ជាលើកទី២ អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាលោក Yukio IMAGAWA បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ និងក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា ហើយលោកបានចាត់ទុក កម្ពុជាជាប្រទេស កំណើតទី២របស់ខ្លួន និងក៏មានការរីចចំរើនយ៉ាងខ្លាំងផងដែរ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបរវាងលោក Yukio IMAGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៩១ជាមួយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែតុលានេះលោកជុំ សន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា “ក្នុងជំនួបនេះលោក Yukio IMAGAWA បានមានប្រសាសន៍ នៅចំពោះមុខ លោកទេសរដ្ឋមន្ត្រីថា លោកពេញចិត្តក្នុងពេលដែល បំពេញភារៈកិច្ច និងស្នាក់នៅ បំពេញបេសកកម្ម ការទូតនៅកម្ពុជា ហើយលោកបានគូសបញ្ជាក់ថា លោកមានការស្រឡាញ់កម្ពុជា ហើយបានចាត់ទុកកម្ពុជា ប្រៀបដូចប្រទេស កំណើតទី២របស់លោក ។

លោក ជុំ សុន្ទរី បានបន្តថា នៅពេលនេះលោក Yukio IMAGAWA មានការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានវិលត្រឡប់មក ប្រទេសកំណើតទី២ របស់លោកវិញ។

ជាមួយគ្នានោះដែរ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការស្វាគមន៍ ចំពោះការធ្វើដំណើរមកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីចូលរួមខួបលើកទី២៥ នៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីសន្តិភាពនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញ ពីការខិតខំរបស់ លោក Yukio IMAGAWA ក្នុងពេលដែលបានបំពេញការងារ ជាឯកអគ្គរដ្ឋទូតរបស់ជប៉ុនលើកទី១ ប្រចាំនៅកម្ពុជា។ គ្រានោះជប៉ុនបាន ជួយឧបត្ថម្ភគ្រប់បែបយ៉ាង និងការចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការចរចា សន្តិភាពនៅកម្ពុជាំ ក៏ដូចជាដំណើរការកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា ៕

2 1


ចែករំលែក៖