ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមធុងសំរាម១០០០ធុង ដើម្បីពង្រាយដាក់សំរាម តាមទីសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ធុងសំរាមចំនួន ១០០០ធុង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ត្រៀមពង្រាយ ដាក់តាមទីសាធារណៈ សំខាន់ៗ ដើម្បីជួយសម្រួលដល់បងប្អូន ប្រជាពលរដ្ឋដាក់សំរាម ពេលដើរលេងកំសាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសទទួល អំណោយ សប្បុរសធម៌ ជាធុងសំរាមចំនួន១០០០ធុង របស់ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី លីមីតធីត សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យអុំទូក ។

ពិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ តុលា ឆ្នាំ២០១៧ នៅរដ្ឋបាលរាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ឲ្យដឹងពីតំណាងក្រុមហ៊ុន ខ្មែរប្រ៊ូវើរី ថា៖ ធុងសំរាមទាំងនេះ ក្រុមហ៊ុន រួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ពង្រាយតាមគោលដៅដែលបានកំណត់ ដើម្បីចូលរួមរក្សាបរិស្ថាន ទាំងអស់គ្នា ខណៈ បុណ្យអុំទូកឆ្នាំនេះ គ្រោងទទួល បងប្អូន ប្រជាពលរដ្ឋ មកកំសាន្ដប្រមាណ៣លាន នាក់ ចូលមកកំសាន្ដនៅរាជធានី ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ធុងសំរាម ១០០០ធុងនេះពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយធុងសំរាមទាំងនេះយើងនឹងដាក់ពង្រាយតាមសួនច្បារនិងទីកន្លែងសាធារណៈនានា ដើម្បីបំរើឲ្យមានបរិស្ថានល្អនៅរាជធានីភ្នំពេញ ពិសេសនៅកន្លែងសំខាន់ៗនៃតំបន់ប្រារព្វពិធី។

លោកបន្តថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនយ៉ាងលឿន ។ ក្នុងនោះបញ្ហាបរិស្ថានសំរាមក៏ត្រូវបានយកចិត្តទុកដាក់ ខណៈមានបញ្ហាប្រឈម៣យ៉ាងដែលយើងត្រូវការដោះស្រាយបន្ទាន់ ដូចជាបញ្ហាស្ទះចរាចរ បញ្ហាស្ទះលូ និងសំរាម ។ ចំពោះបញ្ហាលិចលង់រាជធានីភ្នំពេញ វាជាបញ្ហាប្រឈមដែលរដ្ឋបាលរាជធានី បាននិងកំពុងដោះស្រាយ ។

លោកបន្តថា៖ នៅរដូវប្រាំងនេះយើងនឹងចាប់ផ្តើមបើកការដ្ឋាន ហើយសង្ឃឹមថា នៅខែវស្សាឆ្នាំក្រោយវានឹងកាត់ បន្ថយការលិចលង់បានមួយចំនួនធំទៀត។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមទុកដាក់សំរាមក្នុងធុងឲ្យបានល្អ ពោលគឺបើបងប្អូនចូលរួម វានឹងនាំឲ្យយើងអាចប្រមូលសម្រាមបានលឿន កាត់បន្ថយកម្លាំងកម្មករផងដែរ៕ សំរិត


ចែករំលែក៖