ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២ក្រុម ប្រមាណ២០នាក់ បើកឆាកប្រយុទ្ធតាមទីសាធារណៈ ជិះម៉ូតូដេញកាប់គ្នាដូចរឿងហុងកុង រងរបួសធ្ងន់១នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង២ក្រុមជិះម៉តូដេញកាប់គ្នាយ៉ាងសាហាវនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីរសៀល នៅតាមកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យភាគីម្ខាង រងបួសធ្ងន់ចំណែកក្រុមជនបង្ករត់គេចខ្លួនបន្សល់ទុកម៉ូតូ១គ្រឿង និងកាំបិត២ដើម ។

បើតាមប្រភពព័ត៌មានពីនគរបាលការពារព្រំដែនគោកលេខ៩១១ ប្រាប់ថា មុនពេលកើតហេតុមានក្មេងទំនើងង១ក្រុមជាអ្នកបង្កមានគ្នាប្រហែល១៤នាក់ ម៉ូតូ០៧គ្រឿង (មិនស្គាល់អត្តសញ្ញាណ) ជនរងគ្រោះមានគ្នាចំនួន០៧នាក់ ម៉ូតូចំនួន០៤គ្រឿង បានបើកឆាកប្រយុទ្ធដូចក្នុងរឿងហុងកុងជិះម៉ូតូដេញកាប់គ្នានៅចំណុចខាងលើ រឿងគំនុំសងសឹក ។ ភ្លាមនោះគេឃើញក្រុមបង្កមានគ្នាច្រើនបានកាប់ត្រូវជនរងគ្រោះម្នាក់ ដែលមានគ្នាតិចរងបួសធ្ងន់ឈ្មោះណា បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបសិស្ស រស់នៅភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តប.ជ ។

ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងនគរបាលវរៈ (៩១១) ចុះទៅជួយអន្តរាគមន៍ តែខាងជនបង្កបានជិះម៉ូតូរត់គេចខ្លួនបាត់អស់ បន្សល់ទុកនៅវត្ថុតាងម៉ូតូ ម៉ាកស៑ូម៉ាអ៊ិក០១គ្រឿង កាំបិតចំនួន០២ដើម ។ ឯជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពសិលាខ្មែរ ឃុំអូរបីជាន់ បានទាន់ពេលវេលា ។ ចំណែកវត្ថុតាងបានប្រគល់ឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ ដើម្បីស្រាវជ្រាវស្វែងរកជនបង្ក ៕ សំ វិច្ឆិកា


ចែករំលែក៖