ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីត្រូវរថយន្តដឹកស៊ីម៉ងត៍បើកបុក

ចែករំលែក៖

ខេត្តកណ្តាលៈ ក្មេងប្រុស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនខេស៊ីមេន បើកបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូពេញមួយទំហឹង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ត្រង់ចំណុចតេប៉ូប្រេងតេលាយីហោ “សុខជា” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខក.៦៦៩៧-ភព៣ ជាប្រភេទរថយន្តដឹកទំនិញ (ដឹកស៊ីម៉ងត៍ក្រុមហ៊ុនខេស៊ីមេន) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួនបាត់ ។ ក្មេងប្រុសរងគ្រោះ ទី១ឈ្មោះ រឿន សាវន ភេទប្រុស អាយុ១៧ឆ្នាំ (ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់) ទី២-ឈ្មោះ សាន សុធី ភេទប្រុស អាយុ១៦ឆ្នាំ (រងរបួសធ្ងន់) ។ ក្មេងប្រុសទាំង២នាក់មានទីលំនៅព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-4206 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាម​បណ្តោយផ្លូវជាតិលេខ២១អា ក្នុងទិសដៅពីជើងទៅត្បូង ។ លុះបើកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូក្មេងប្រុសរងគ្រោះដែលកំពុងធ្វើដំណើរតាមដងផ្លូវពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើង​ក្មេងប្រុសរងគ្រោះរថយន្តសាមុយដឹកបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។

ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលចរាច​រណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្ត បើកបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន រីឯ​ម៉ូតូបើកបរក្នុងល្បឿនលឿន ៕ ស្អាងជ័យ


ចែករំលែក៖