ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី សិស្សសាលា៣នាក់ ដួលសន្លប់ ពេទ្យថាខ្វះជាតិស្ករ

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងសិស្សសាលាវិទ្យាល័យសម្ដេចឪសម្ដចម៉ែ ចំនួន៣នាក់ ដួលសន្លប់បន្តបន្ទាប់គ្នា ខណៈដែលកំពុងតែអង្គុយរៀននៅក្នុងថ្នាក់កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងបន្ទប់រៀនថ្នាក់ទី១២B នៃសាលាវិទ្យាលយ័សម្តេចឪសម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

តាមប្រភពបានឲ្យដឹងថាក្នេងស្រីសិស្សសាលារងគ្រោះដួលសន្លប់នោះរួមមាន ទី១.ឈ្មោះ សឿន លី ភេទស្រី ទី២.ឈ្មោះ សេង សុម៉ាលី ភេទស្រី និងទី៣.ឈ្មោះ សាមី ស៊ូភី ភេទ ស្រី ។

ប្រភពបន្តថាមូលហេតុ ដំបូងដែលនាំមានការដួលសន្លប់បន្តបន្ទាប់គ្នានោះ ដោយសារឈ្មោះសេង សុម៉ាលី កំពុងអង្គុយរៀននៅក្នុងថ្នាក់ ស្រាប់តែមានអាការផ្ដាសាយហើយមុខស្លេកស្លាំងមិនស្រួលខ្លួន ក៏បានសុំគ្រូចេញក្រៅបន្ទប់ដើម្បីលាបប្រេងខ្យល់ តែនៅមិនធូរស្រាលសោះ ក៏នាំគ្នាចាប់ខ្យល់ឲ្យគ្នា ស្រាប់តែមានសិស្សម្នាក់ទៀត ឈ្មោះសឿន លី ដែលអង្គុយជាប់គ្នានោះបានដួលសន្លប់មុន ហើយឈ្មោះសេង សុម៉ាលី ក៏បានដួលសន្លប់ដែរដែរតែម្តង ។

ពេលនោះ ក៏មានការឆោឡោឡើងកាន់តែខ្លាំង ស្រាប់តែមានសិស្សម្នាក់ទៀតឈ្មោះសាមី ស៊ូភី អង្គុយតុជិតគ្នា ក៏បានដួលសន្លប់បន្តតាមក្រោយទៀតតែម្តង ។

បន្ទាប់ពីមានហេតុការណ៍នោះកើតឡើងភ្លាម លោកគ្រូ អ្នកគ្រូ ក៏ប្រញាប់ប្រញាល់នាំគ្នាដឹកបញ្ជូនក្មេងស្រីរងគ្រោះទាំង៣នាក់នោះ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ យោងតាមការបញ្ជាក់របស់គ្រូពេទ្យក៏បានឲ្យដឹងផងដែរថា អាការរបស់ក្មេងទាំង៣នាក់នោះគឺបណ្តាលមកពីខ្វះជាតិស្ករ ទើបបណ្ភាលឲ្យឆាប់មានអាការភ័យទើបងាយដួលសន្លប់ដូច្នេះតែម្តង ។

ប៉ុន្តែក្រោយមកក្មេងស្រី២នាក់ ក៏បានធូរស្បើយហើយបន្ទាប់ពីក្រុមគ្រូពេទ្យបានបញ្ចូលសេរ៉ូមរួចមកហើយ ក៏បានវឹលត្រឡប់ទៅផ្ទះវិញដែរ ដោយឡែកក្មេងស្រីម្នាក់ឈ្មោះសាមី ស៊ូភី នៅមានអាការធ្ងន់ធ្ងរ នៅឡើយ ទើបគ្រូពេទ្យមិនទាន់ឲ្យត្រឡប់ទៅផ្ទះវិញទេ កំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះនៅឡើយ៕ ជីវន្ត័


ចែករំលែក៖