ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មបិទវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រពកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការកែលម្អការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រពកសិកម្មឱ្យមានប្រសិទ្ធភាពនៅប្រទេសកម្ពុជា ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Tan Qingsheng ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធក្រោមឱវាទក្រសួង ស្ថាប័នជាតិ តំណាងគ.ជ.អ.ប តំណាងក្រសួងធនធានទឹក និងឧតុនិយម និស្សិត និងអង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ ៥៥នាក់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ និងមានសិក្ខាកាមចូលរួម៣៨នាក់ ក្នុងនោះមានស្រ្តី១២នាក់ ដោយបានផ្តោតលើប្រធានបទសំខាន់ៗដូចជា ១-វិធីសាស្រ្តដែលអាចធ្វើឲ្យប្រសើរឡើងសម្រាប់ការគ្រប់គ្រងទឹក បច្ចេកវិទ្យាប្រព័ន្ធស្រោចស្រព តាមរយៈការប្រមូលផលទឹកភ្លៀង និងការផ្គត់ផ្គង់ទឹកនៅតាមជនបទ ២-ការពិភាក្សាពីឱកាស និងបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងធនធានទឹក ទាំទឹកលើដី និងទឹកភ្លៀង ទាំងគុណភាព និងទាំងបរិមាណ និង៣-ការផ្តល់ជាគំនិតក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងកម្ពុជា និងចិន ជាពិសេសជាមួយវិទ្យាស្ថានគ្រប់គ្រងធនធានទឹក ហ្គាន់ស៊ូ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ជាពិសេសក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន ដែលបានសហការផ្តល់ជំនួយបច្ចេកទេស និងថវិកាដល់សិក្ខាសាលានេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តនាពេលខាងមុខ។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ស្ថិតក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម និងការលើកកម្ពស់ផលិតភាពកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ត្រូវកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពបម្រើដល់វិស័យកសិកម្ម ដែលមានប្រសិទ្ធភាពជាងមុន ងាយស្រួលជាងមុន និងមានតម្លៃថោកជាងមុន។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ពីរ (១)លើកកម្ពស់បច្ចេកវិទ្យាស្រោចស្រពនៅលើកសិដ្ឋានដែលមានប្រព័ន្ធធារាសាស្រ្ត រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងការប្រមូលទឹកទុក និងគាំទ្រដល់ការរៀបចំផែនការ និងបែងចែកទឹករបស់សហគមកសិករ និងអ្នកប្រើប្រាស់ទឹក (២)កែលម្អការប្រមូលផលទឹកភ្លៀង និងតាមដានអង្កេតសក្តានុពលទឹកក្រោមដីសម្រាប់ការផ្គត់ផ្គង់ទឹកហូបចុក ការដាំបន្លែ និងការចិញ្ចឹមសត្វជាដើម។ ឆ្លៀតពេលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញចែកវិញ្ញាបនប័ត្របញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលជានិមិត្តរូបជូនដល់មន្រ្តីចំនួន ១០រូបផងដែរ ៕ ហេ សូរិយា


ចែករំលែក៖