ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ ស្នើចាត់វិធានការ បទថ្មីរបស់ម៉ៅ ហាជី បទ “ភ្ជុំបិណ្ឌនឹកស្រុក”

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីបទចម្រៀងមួយបទ របស់តារាចម្រៀង លោក ម៉ៅ ហាជី បទ “ភ្ជុំបិណ្ឌនឹកស្រុក” ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិត ស្នើដល់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយចាត់វិធានការទប់ស្កាត់ការចែករំលែក និងផ្សព្វផ្សាយបទចម្រៀងនេះបន្ត ។ ការស្នើនេះដែរ ក្រោយពីបទចម្រៀងនេះមានអត្ថន័យប្រាសចាកពីគោលការណ៍ច្បាប់ឲ្យកម្មករនិយោជិកឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌ។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សង្កេតឃើញថា តារាចម្រៀងជាច្រើន សម្រុកចេញបទចម្រៀង អបអរសាទរបុណ្យភ្ជុំបិណ្ឌ និងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែ តារាចម្រៀង លោក ម៉ៅ ហាជី បែរជាត្រូវព្រនង់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅវិញ ក្រោយពីលោកបាន ចេញបទចម្រៀងមួយបទ មានចំណងជើងថា “ភ្ជុំបិណ្ឌនឹកស្រុក”។

យោងតាមលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បបានស្នើឲ្យផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” ច្រៀងដោយលោកម៉ៅ ហាជី នៅផលិតកម្មថោនវ៉ុល ១២២។ ប្រតិកម្ម នេះចាត់ទុកអត្ថន័យខ្លឹមសារក្នុងចម្រៀង ប្រាសចាកពី គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យបងប្អូននិយោជិតឈប់សម្រាក់ ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ តម្រូវឲ្យក្រុមហ៊ុន រោងចក្របើកប្រាក់ខែ ឲ្យទាន់បុណ្យភ្ជុំបិណ្ឌ ហើយបើក្នុងករណីក្រុមហ៊ុន រោងចក្រមិនមានលទ្ធភាព ត្រូវបើកឲ្យបាន៥០ភាគរយសម្រាប់កម្មករ និយោជិត និងមានគោលនយោបាយផ្សេងៗទៀត យកចិត្តទុកដាក់ជួយកម្មករ-កម្មការិនីជាច្រើនទៀត ។ លោក ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើក្រសួងពាក់ព័ន្ធនឹងចាត់វិធានការផ្អាកការចាក់ផ្សាយបទចម្រៀង របស់តារាចម្រៀងម៉ៅ ហាជីដែរឬយ៉ាងណា ។

កន្លងមកមានបទចម្រៀងមួយចំនួនត្រូវបានក្រសួងហាមធ្វើការចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រោះតែបទទាំងនោះប្រាសចាកពីការពិត បន្ទាបតម្លៃវប្បធម៌ប្រពៃណី តម្លៃសម្គមជាដើម ៕ វឌ្ឍនា


ចែករំលែក៖