ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចេញបំភ្លឺទាក់ទងនាវាដឹកទំនិញឈ្មោះ Jie Shun បំពាក់ទង់ជាតិកម្ពុជាចេញពីកូរ៉េខាងជើង ហើយអេហ្ស៊ីបឆែកឆេររកឃើញកាំភ្លើងបាញ់រ៉ុកកែតជាង៣០.០០០ដើម

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីបំភ្លឺមួយច្បាប់ទាក់ទងនាវាដឹកទំនិញឈ្មោះ Jie Shun បំពាក់ទង់ជាតិកម្ពុជាចេញពីកូរ៉េខាងជើង ហើយអេហ្ស៊ីបឆែកឆេររកឃើញកាំភ្លើងបាញ់រ៉ុកកែតជាង៣០.០០០ដើម។

សេចក្តីបំភ្លឺបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាសែត Washington Post ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើង “A North Korean ship was seized off Egypt with a huge cache of weapons destined for a surprising buyer” ក្នុងនោះបានរាយការណ៍ថា “…នាវាអាថកំបាំងមួយកំពុងធ្វើដំណើរសំដៅព្រែកជីក Suez។ នាវាដឹកទំនិញឈ្មោះ Jie Shun បំពាក់ទង់ជាតិកម្ពុជា តែបានធ្វើដំណើរចេញពីកូរ៉េខាងជើង…” និងថាគយរបស់អេហ្ស៊ីប “បានឆែកឆេរនាវា និងបានរកឃើញកាំភ្លើងបាញ់រ៉ុកកែតជាង ៣០.០០០ ដើម ដែលលាក់នៅក្នុងនាវានោះ។”

ក្នុងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺ ដូចខាងក្រោម៖

១.យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានគណៈកម្មាធិការគ្រប់គ្រងការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា នៅក្នុងលិខិតលេខ No.966 LI/OCM ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ បានជូនដំណឹងដល់ប្រធានក្រុមហ៊ុនចុះបញ្ជីនាវាអន្តរជាតិកម្ពុជា (ISROC) ថា ដើម្បីការពារកិត្តិនាម និងកិត្តិយសនៃទង់ជាតិកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយ ISROC ក្នុងឋានៈជារដ្ឋបាលគ្រង់គ្រង់តែមួយ និងផ្តាច់មុខ ក្នុងការចុះបញ្ជីនាវានៅកម្ពុជា និងបានស្នើ ISROC បញ្ឈប់ការចុះបញ្ជីនាវាបំពាក់ទង់ជាតិកម្ពុជាតទៅទៀត។

២.ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងលិខិតលេខ No. 045 MPWT ចុះថ្ងទី ១៧ ខែសីហា ឆ្នាំ២០១៦ បានជូនដំណឹងដល់អគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ ថា “រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទបញ្ឈប់ការចុះបញ្ជីនាវា ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ដើម្បីសម្រួលដល់ម្ចាស់នាវា ដែលនាវារបស់ខ្លួនមានវិញ្ញាបនប័ត្រចុះបញ្ជីជាមួយទង់ជាតិកម្ពុជានៅមានសុពលភាព យើងអនុញ្ញាតឲ្យនាវាទាំងនោះ ធ្វើប្រតិបត្តិការក្រោមទង់ជាតិកម្ពុជា រហូតដល់ថ្ងៃវិញ្ញាបនប័ត្រទាំងនោះ អស់សុពលភាព គឺនៅចុងខែសីហា ឆ្នាំ២០១៦។ នាវាទាំងឡាយណា ដែលអះអាងថាស្ថិតក្រោមទង់ជាតិកម្ពុជា ក្រោយថ្ងៃអស់សុពលភាពនេះ ត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។”

៣.ម្យ៉ាងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈកំណត់ទូតលេខ No. 889 MFA-IC/LC5 ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃ សាធារណៈរដ្ឋកូរ៉េនៅភ្នំពេញ ថានាវាចំនួន៣គ្រឿង របស់ក្រុមហ៊ុនកូរ៉េខាងជើងមួយ បំពាក់ទង់ជាតិកម្ពុជា ត្រូវបានលុបចេញពីបញ្ជីដោយ ISROC ស្របតាមកថាខណ្ឌទី ១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី ២ ខែ មីនា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

៤.អាស្រ័យហេតុនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា ការប្រើប្រាស់ទង់ជាតិកម្ពុជាដោយនាវាណាក៏ដោយ រួមទាំងនាវាដែលបានលើកឡើងខាងលើនេះ គឺជាការប្រើប្រាស់ដោយខុសច្បាប់»៕ ថាច់ យ៉ាត


ចែករំលែក៖