ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសផ្ញើលិខិតជូនតំណាងការិយាល័យ អ.ស.ប.ប្រចាំប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន បានផ្ញើលិខិតជូនលោកស្រី វាន់ ហេលី តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប. ប្រចាំនៅកម្ពុជាដោយលើកឡើងអំពីការធ្វើហួសពីដែនកំណត់នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលទង្វើនេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ។

លិខិតរបស់ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មានខ្លឹមសារថា ៖

ខ្ញុំសូមទាញចំណាប់អារម្មណ៍របស់លោកស្រីចំពោះការលើកឡើងនាពេល ថ្មីៗនេះរបស់លោកស្រី វាន់ ហេលី តំណាង ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប. ប្រចាំនៅកម្ពុជាដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាពន្យល់ជាបន្ទាន់ និង សម្តែងនូវទស្សនៈលំអៀងទុកជាមុនលើការពន្យល់របស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការប៉ុនប៉ងវិលត្រឡប់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិរទេសខ្លួននៅក្រៅប្រទេសដែល ត្រូវបានចុះផ្សាយនៅក្នុងកាសែតខេមបូឌាដេលីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

ការអធិប្បាយរបស់លោកស្រី វាន់ ហេលី នេះបានធ្វើហួសពីដែនកំណត់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ(មាត្រា២ កថា ខណ្ឌ៧)ដែលបញ្ជាក់ពីការគោរពអធិប តេយ្យ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសសមាជិកនិងអនុសញ្ញាទីក្រុង វ្យែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ (កថាខណ្ឌ១ និង២ នៃមាត្រា៤១)ដែល តម្រូវរាល់ទំនាក់ទំនងផ្លូវការជាមួយនឹង រដ្ឋាភិបាលត្រូវធ្វើជាមួយ ឬតាមរយៈក្រសួង ការបរទេស ឬស្ថាប័នផ្សេងៗពុំមែនតាម ប្រព័ន្ធសារព័ត៌មានទេ ។

យោងកំណត់ទូតលេខ១១០៩ IO/MFA.IC ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលផ្ញើជូនការិយាល័យឧត្តម ស្នងការសិទ្ធិមនុស្ស អ.ស.ប. មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារនៅកម្ពុជា (UNICEF) អង្គការមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន(UNFPA) និងអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការលើកកម្ពស់ស្រ្តី (UN Women)នៅទីក្រុងភ្នំពេញក៏ដូចជាលិខិតរបស់ខ្ញុំចុះថ្ងៃ ទី២ ខែឧសភា ឆ្នាំ២០១៦ ផ្ញើជូនលោក ហ្សែត រ៉ាអាត អាល់ហ៊ូសេន ឧត្តមស្នងការ សិទ្ធិមនុស្ស អ.ស.ប. ខ្ញុំកត់សម្គាល់ជាមួយការសោកស្តាយជាខ្លាំងថា ខណៈដែលការិ យាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប. បានបដិសេធយ៉ាងច្បាស់ពុំព្រមនិយាយយោងដល់ការគោរពអធិបតេយ្យកម្ពុជា តំណាងរបស់ការិយាល័យនេះនៅភ្នំពេញនៅតែបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាដដែល ។

ដោយអនុស្សរណៈនៃការយោគយល់ រវាងរាជរដ្ឋាភិបាលកម្ពុជានឹងឧត្តមស្នងការ សិទ្ធិមនុស្ស អ.ស.ប.បានអស់សុពលភាព ដូច្នេះកិច្ចប្រតិបត្តិការ និងសកម្មភាពនានាបច្ចុប្បន្នរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរួមទាំងតំណាងអង្គការនេះ ប្រចាំប្រទេសផងមិនមានលក្ខណៈស្រប ច្បាប់ទេ ។

ខ្ញុំសូមធ្វើការគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញា យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អកិច្ចសហប្រតិបត្តិការឲ្យមានភាព រលូននិងមានប្រសិទ្ធភាពថែមទៀតជាមួយ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប. តាមរយៈការបញ្ចប់កិច្ចចរចាអំពីអនុស្សរណៈនៃការយោគយល់ថ្មីនេះឲ្យ បានឆាប់ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាដោយអនុលោមតាមមាត្រា២(កថាខណ្ឌ៧)នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ។

សូមលោកស្រី ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ ៕


ចែករំលែក៖