ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសសហរដ្ឋអាមេរិកស្នើកូរ៉េខាងជើងលើកលែងទោសដល់និស្សិត Otto Warmbier

ចែករំលែក៖

ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ខែមីនាបានស្នើដល់កូរ៉េខាងជើងលើកលែងទោសដល់និស្សិតឈ្មោះ Otto Warmbier ដែលត្រូវកូរ៉េខាងជើង កាត់ទោស ឲ្យជាប់គុក១៥ឆ្នាំនិងឲ្យធ្វើ ពលកម្មយ៉ាងលំបាកនៅកូរ៉េខាងជើង ដោយសារតែបានដកពាក្យស្លោកឃោសនា នៅសណ្ឋាគារមួយក្នុងទីក្រុងព្យុងយ៉ាង។

សារព័ត៌មាន AFP បានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Mark Toner បញ្ជាក់ថា «យើងជឿ ជាក់ថា ការដាក់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំនិងឲ្យធ្វើពលកម្មយ៉ាងលំបាកនោះ គឺហួសកម្រិត ។ យើងសូមស្នើឲ្យកូរ៉េខាងជើងលើកលែងទោសជាបន្ទាន់ ដល់និស្សិត Warmbier ដោយផ្អែកទៅលើសកម្មភាព មនុស្សធម៌»។

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា សំណើខាងលើធ្វើឡើង ក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បំពេញទស្សនកិច្ចទៅកាន់ជប៉ុន កូរ៉េខាងជើង និង ចិនដើម្បីពិភាក្សាស្តីពី កម្មវិធីបរមាណូរបស់កូរ៉េខាងជើង។

តុលាការកូរ៉េខាងជើងកាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ បានប្រកាសដាក់ទោស ១៥ឆ្នាំ ហើយឲ្យធ្វើពលកម្មយ៉ាងលំបាក ដល់ លោក Warmbier ក្រោយពេល និស្សិតរូបនេះបានសារភាព ថាបានហែក ពាក្យស្លោក នៅក្នុងសណ្ឋាគារអន្តរជាតិ Yanggakdo ក្នុងទីក្រុងព្យុងយ៉ាង សម្រាប់បុគ្គលិក នៅទីនោះ។ នៅពេលនោះលោក Warmbier អាយុ២១ឆ្នាំ កំពុងសិក្សានៅ មហាវិទ្យាល័យ Virginia សហរដ្ឋអា មេរិក។ និស្សិតរូបនេះត្រូវបានកូរ៉េខាង ជើងចាប់ខ្លួននៅក្នុង អាកាសយានដ្ឋានក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅពេលដែលត្រៀមឡើងយន្ត ហោះទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះក្រសួងការបរទេសអាមេរិកបានស្នើដល់ ពលរដ្ឋរបស់ខ្លួន កុំទៅកូរ៉េខាងជើង ដោយសារតែប្រទេសទាំងពីរគ្មានទំនាក់ទំនងនឹង គ្នាពីមុនមក។

ក្រៅពីនិស្សិតអាមេរិកនៅមាន អ្នកផ្សព្វ ផ្សាយសាសនា ជនជាតិកូរ៉េខាងត្បូង លោក Kim Dong Chul ក៏ត្រូវបានកូរ៉េខាងជើងកាត់ទោសឲ្យជាប់គុក១០ឆ្នាំ និងឲ្យធ្វើ ពលកម្មយ៉ាងលំបាក ដោយរងការចោទ ប្រកាន់ ពីបទចារកិច្ចនៅកូរ៉េខាងជើង។

នៅថ្ងៃទី១៤ខែមីនា កន្លងមកកូរ៉េខាង ជើង បានគំរាមកំហែងវាយប្រហារ ប្រសិនបើនាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson ទៅចូលរួមធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ដែលជាការគំរាមកំហែងដល់ អធិបតេយ្យភាពរបស់កូរ៉េខាងជើង។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ អាមេរិក បានសម្រេច បញ្ជូនយន្តហោះវាយលុកគ្មានមនុស្សបើកទៅកាន់កូរ៉េខាងត្បូង ដើម្បីដាក់គំនាបទៅ លើកូរ៉េខាងជើង។ យន្តហោះដែលអាមេរិក បញ្ជូនទៅនោះជាប្រភេទ Gray Eagle ។ ការបញ្ជូនទៅនេះ ក្រោយពេលដែល កូរ៉េខាងជើងបាន ធ្វើការសាកល្បងកាំជ្រួច មីស៊ីល៤គ្រាប់ចូលទៅកាន់សមុទ្រជប៉ុន ដោយកូរ៉េខាងជើងមានយុទ្ធសាស្ត្រវាយប្រ ហារទៅលើ ទីតាំងយោធារបស់អាមេរិក នៅទីនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការណ៍ដែលអាមេរិកបញ្ជូនយន្តហោះគ្មានមនុស្សបើក អាចសុីបការណ៍និងវាយលុក គឺដើម្បីជួយដល់កម្លាំងទាហានអាមេរិកនិងកូរ៉េ ខាងត្បូង នៅទីនោះ តាមដានសកម្មភាព របស់កូរ៉េខាងជើង។ យន្តហោះគ្មានមនុស្ស បើកខាងលើ អាចហោះហើរនៅលើអាកាស បានរហូតដល់ទៅ២៤ម៉ោង ដោយមាន បំពាក់មីស៊ីល Hellfire ទៀតផង ដែល អាចវាយប្រហារទៅលើគោលដៅបាន គ្រប់ពេល។

សកម្មភាពខាងលើជាការដាក់គំនាបថ្មីមួយទៀតទៅលើកូរ៉េខាងជើង ដើម្បីឲ្យ ប្រទេសនេះ បោះបង់កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់ខ្លួន។ ប៉ុន្តែកូរ៉េខាង ជើងបានប្រកាសថា កម្មវិធីអាវុធរបស់ខ្លួនគឺដើម្បីការពារតែប៉ុណ្ណោះ ហើយនៅពេលណាដែលអាមេរិកនិងកូរ៉េខាងត្បូង បញ្ចប់ គំនិតវាយប្រហារកូរ៉េខាងជើង និងបញ្ចប់ ការធ្វើសមយុទ្ធនោះ កូរ៉េខាងជើងនឹងមិនបន្តកម្មវិធីអាវុធនោះឡើយ។ កន្លងមកចិនក៏បានស្នើដល់អាមេរិកពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់វិវាទ ដោយមានការដោះដូរអាមេរិកឈប់ធ្វើសមយុទ្ធ ចំណែក កូរ៉េខាងជើង បញ្ចប់កម្មវិធីបរមាណូ ប៉ុន្តែសំណើទាំងនោះត្រូវបានភាគីអាមេរិកច្រានចោល៕ ម៉ែវសាធី

7r


ចែករំលែក៖