ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានជួយសហគមន៍ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស មានទឹកប្រើប្រាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រមាណជាង៩០គ្រួសារ នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង នៃដែនជំរកសត្វព្រៃភ្នំសំកុស ខេត្តពោធិសាត់ ទទួលបានប្រព័ន្ធទឹកប្រើប្រាស់ របស់គម្រោងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការផ្គត់ផ្គង់ទឹក និងសន្តិសុខស្បៀង របស់ក្រសួងបរិស្ថាន ក្រោមជំនួយឧបត្ថម្ភពីស្ថានទូតឥណ្ឌា។

គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ ខែមេសា ឆ្នាំ២០១៨ ដោយផ្តោតលើសកម្មភាពចម្បងពីរគឺ ការតបណ្តាញផ្គត់ផ្គង់ទឺកដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងការធ្វើសួនបន្លែតាមផ្ទះ ដោយអនុវត្តលើសហគមន៍តំបន់ការពារធម្មជាតិទំព័រ និងសហគមន៍តំបន់ការពារធម្មជាតិផ្ចឹកជ្រុំឈើទាលជ្រុំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្នុងគោលបំណងរួមចំណែកបង្កើនលទ្ធភាពទទួលបានទឹកប្រើប្រាស់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈផលិតកម្មស្បៀងតាមគ្រួសារ។

លោក គង់ សៀកលី ប្រធាននាយកដ្ឋានជីវភាពសហគមន៍ បានឲ្យដឹងថា ដោយឃើញពីភាពលំបាករបស់ប្រជាសហគមន៍នៅតំបន់នេះ ក្នុងការយកទឹកមកប្រើប្រាស់ ក្រសួងបរិស្ថានបានបង្កេីតគម្រោងនេះ ដើម្បីជួយតបណ្តាញទឹកដល់ផ្ទះ ដើម្បីកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការយកទឹកមកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រពលរដ្ឋ។ គម្រោង ក៏ជាផ្នែកមួយជួយលើកកម្ពស់ជីវភាពរបស់គាត់ ក្នុងការបង្កើតមុខរបរ និងការដាំបន្លែ និងដំណាំផ្សេងៗជាដើម។លោក គង់ សៀកលីបានឲ្យដឹងដែរថា គម្រោងនេះ ក៏ជំរុញឲ្យប្រជាពលរដ្ឋចូលរួមអភិរក្សជីវៈចម្រុះ ជាពិសេសធនធានព្រៃឈើ ដែលមានតួនាទីសំខាន់ក្នុងការរក្សាប្រភពទឹក ព្រមទាំងផ្តល់នូវភាពទាក់ទាញផ្នែកទេសចរណ៍ធម្មជាតិផងដែរ។

សូមបញ្ជាក់ថា ការតបណ្តាញទឹកដែលមាន ប្រវែងជាង៥០០០ម៉ែត្រ ពីប្រភពទឹកស្ទឹងភ្នំទំព័រ មកកាន់លំនៅដ្ឋានរបស់ប្រជាសហគមន៍ដើម្បីប្រើប្រាស់ នេះ គឺមានការចូលរួមពីគណកម្មការសហគមន៍ផ្ទាល់ ដោយមានការសម្របសម្រួលពីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន ហើយបន្ទាប់មកគឺសហគមន៍ ទទួលបានការបណ្តុះបណ្តាលពីរបៀបនៃការប្រើប្រាស់ទឹក និងការធ្វើសួនបន្លែបន្ថែមទៀត៕ ហេង សូរិយា


ចែករំលែក៖