ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃកំពុងសិក្សាករណីប្តឹងរំលាយគណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រធានគណបក្ស យុវជនកម្ពុជាប្តឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិកាល ពីពេលថ្មីៗនេះមកមន្ត្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃបានឲ្យដឹងថា ក្រសួងកំពុងសិក្សាស្រាវជ្រាវករណីប្តឹងរំលាយគណបក្ស ប្រឆាំងនេះ ។

លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គ នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបាន ឲ្យដឹងក្រោយសិក្ខាសាលា ស្តីពីច្បាប់គណបក្សនយោបាយដែលរៀបចំដោយក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៧ នៅទីស្តីក្រសួងពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិថាតុលាការជាអ្នកសម្រេច រំលាយ ។

លោកបានបញ្ជាក់ថា ករណីប្រធានគណ បក្សសង្គ្រោះជាតិឥឡូវនេះស្ថិតនៅក្នុងដៃតុលាការពាក់ព័ន្ធរឿងក្បត់ជាតិដែលជា ដែនសមត្ថកិច្ច អ៊ីចឹងទុកឲ្យគាត់វិនិច្ឆ័យ មានទោសតាមច្បាប់ក្រមព្រហ្មទណ្ឌត្រង់មាត្រា៤៤៣ ។

យ៉ាងណាក្តីបន្ទាប់ពីមានសំណួរពីក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការរំលាយ គណបក្សសង្គ្រោះជាតិថា តើគណបក្ស សង្គ្រោះជាតិអាចរំលាយទេនៅក្នុងច្បាប់ គណបក្សនយោបាយបើប្រធានគណបក្សសង្គ្រោះជាតិកំពុងតែជាប់ពន្ធនាគារ? លោក ប្រាក់ សំអឿន បានបញ្ជាក់ថា ករណីនេះ ស្ថិតនៅលើតុលាការ ប៉ុន្តែករណីនេះក្រសួង មហាផ្ទៃក៏កំពុងសិក្សាស្រាវជ្រាវដែរ។

ទាក់ទិននឹងសិក្ខាសាលាស្តីពីច្បាប់គណ បក្សនយោបាយវិញលោកអគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃបានលើកឡើងថា ដើម្បីផ្សព្វផ្សាយដល់សង្គម ពិសេសពិធីករ ទាំងអស់បានយល់ដឹងកុំចេះតែធ្វើអត្ថា ធិប្បាយ និងយល់ច្រឡំក្នុងការបកស្រាយដែលប្រាសចាកពីច្បាប់ ។

លោក ប្រាក់ សំអឿន បានលើកឡើងថា ទាក់ទិននឹងការប្តឹងរំលាយគណក្សនយោបាយគ្រប់បុគ្គលអាចប្តឹងបានដូចគ្នា ព្រោះ ថាជាគោលការណ៍ទូទៅក្នុងច្បាប់ព្រហ្ម ទណ្ឌបានផ្តល់សិទ្ធិឲ្យប្តឹងបាន ។

លោកបានបញ្ជាក់ថា ជាគោលការណ៍ ក្នុងច្បាប់ព្រហ្មទណ្ឌបុគ្គលនៅក្នុងសង្គមអាចប្តឹងទៅអាជ្ញារធមានសមត្ថកិច្ចប្រសិនបើខ្លួនបានឃើញបានដឹងពីសកម្មភាព ដែលបានប្រព្រឹត្តល្មើស ឬធ្វើឲ្យប៉ះពាល់ ដល់សាធារណៈនិងប្រយោជន៍ជាតិ។ អ៊ីចឹង អាជ្ញាធរដែលគេប្តឹងត្រូវពិនិត្យមើលនិងស៊ើបអង្កេតរកហេតុផលនិងភស្តុតាង ៕ ហេង សូរិយា


ចែករំលែក៖