ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោមលើកទី៤

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថៃ្ងនៅមជ្ឈមណ្ឌល កីឡាសូហ្វតឺន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ដែលចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថៃ្ងទី១៥ ខែតុលា ឆ្នាំ២០១៧ ក្រុមកីឡាករកីឡាការិនី របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីស ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៤ រៀបចំដោយសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា ។

ក្នុងចំណោមវិញ្ញាសាចំនួន៩ កីឡាករ កីឡាការិនី មកពីក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយ សរុបចំនួន១៨គ្រឿង គឺមេដាយមាស៨គ្រឿង,មេដាយប្រាក់់៤គ្រឿង និងសំរឹទ្ធិ៦គ្រឿង។ ដោយឡែកចំណាត់ថ្នាក់លេខ២បានទៅលើក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសមានប្រសាសន៍ថា ការប្រកួតកីឡាសូហ្វតឺន្នីស ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៤ នេះ ឃើញថា កីឡាករកីឡាការិនីមកពីបណ្តាខេត្ត និង ក្លិបក្នុងរាជធានីភ្នំពេញ គេមានសមត្ថភាព រីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ ស្របនឹងយុទ្ធសាស្ត្រ សហព័ន្ធដែលកំពុងស្វែងរកកីឡាករកីឡាការិនី ដែលមានសមត្ថភាព និងទេពកោសល្យ ១៤នាក់ ដើម្បីដាក់ចូលក្នុងផែនការ បណ្តុះបណ្តាលហ្វឹកហាត់ត្រៀមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ានលើកទី២ នៅប្រទេសហ្វុីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៧។

លោកអគ្គលេខាធិការបន្តថា ជិត៣ឆ្នាំហើយដែលកីឡាសូហ្វតឺន្នីសបានបង្កើតឡើង ហើយបាន រីកចម្រើនគួរជាទីមោទនៈពិសេសរាល់ការចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ តែងតែទទួលបានមេដាយត្រឡប់មកវិញ។ ក្នុងនាមជាអគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺនី្នស លោកនឹងខិតខំជំរុញ ដល់ការអភិវឌ្ឍវិស័យកីឡាមួយនេះ ទាំងគុណភាព សមត្ថភាពគ្រប់គ្រង សំដៅឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

គួររំលឹកថា កីឡាសូហ្វតឺន្នីសកម្ពុជា ក្នុងចំណោម៤៥ ប្រទេសលើពិភពលោក សូហ្វតឺន្នីស កម្ពុជា ឈរនៅលេខរៀងទី១០ លើតារាងចំណាត់ថ្នាក់ របស់សហព័ន្ធពិភពលោក ។

សម្រាប់លទ្ធផលទាំង៩វិញ្ញាសារួមមាន វិញ្ញាសាឯកត្តជនកុមារីក្រោមអាយុ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនីឈឹម បូនីតា មកពីក្លិបក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនី ជុំ សុភ័ក្រ្តនី តា មកពីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ។ វិញ្ញាសាឯកត្តជនកុមារាក្រោមអាយុ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ រស់ សារ៉ាត់ មកពីក្លិបមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ ជួប ម៉េងឡុងមកពីក្លិបអង្គការមិត្តសម្លាញ់។

វិញ្ញាសាឯកត្តជនយុវជនក្រោមអាយុ១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ សាយ សុចិត្រ្តា មកពីក្លិបមហាផ្ទៃ ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការ ណាក់ ដារ៉ា មកពីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ។ វិញ្ញាសាវាយគូយុវជនក្រោមអាយុ១៨ឆ្នាំ ចំណាក់ថ្នាក់លេខ១បានទៅលើ កីឡាករសុខ ចិត្រ្តា និងកីឡាករបូរ សុខរ័ត្នមកពីក្លិបមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ ណាក់ ដារ៉ា និងឯកបញ្ញាមកពីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ។

វិញ្ញាសាវាយគូបុរសអក្សរ(ខ) ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ មកពីក្លិបមហាផ្ទៃ កីឡាករវិញ សុភា និងប៊ូ សុផល, ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបមហាផ្ទៃ កីឡាករជាសែនវិស្សុត និងសុខវិចិត្រ។ វិញ្ញាសាឯកត្តជននារី ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនី ម៉េត ម៉ារីយ៉ា ក្លិបមហាផ្ទៃ ចំណាត់ថ្នាក់លេខ២បានទៅកីឡាការិនីរិន សុធារី។

វិញ្ញាសាវាយគូនារី ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនីរិន សុធារី និងម៉េត ម៉ារីយ៉ាមកពីក្លិបមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនីយាន សុខឿន និងកីឡាការិនីជិន ស្រីឡូយ។ វិញ្ញាសា ឯកត្តជន បុរសអក្សរ(ក)ចំណាត់ថ្នាក់លេខ១បានទៅ លើកីឡាករ ឌឹម សម្បត្តិ មកពីក្លិបក្រសួងមហាផ្ទៃ ចំណាត់លេខ២បានទៅលើកីឡាការកាន់ សោភ័ណ្ឌ។វិញ្ញាសាវាយគូបុរសអក្សរ(ក)ចំណាត់លេខ១បានទៅលើកីឡាករយីតាវិរៈ និងកីឡាករក ប៉ិល វណ្ណី មកពីក្លិបខេមរភូមិន្ទ, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ MASATOGI WARA និងឌឹម សម្បត្តិ៕ សារីម


ចែករំលែក៖