ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកុមារនៅខេត្តស្វាយរៀង ទទួលការហ្វឹកហ្វឺនបាល់ទាត់និងឧបត្ថម្ភពីអេស ស៊ី ជី

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រោមកិច្ចសហការជាមួយក្លឹបភ្នំពេញក្រោន ក្រុមហ៊ុន អេស ស៊ី ជី បានដើម្បីរៀបចំវគ្គហ្វឹកហាត់បាល់ទាត់ដល់កុមារនិងយុវជនប្រមាណ ១៣០នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ ហើយក្រុមហ៊ុនក៏មានការប្រគល់អំណោយ ដែលរួមមាន អាវយឺតកីឡាជាច្រើនរយអាវ បាល់ទាត់ សម្ភារៈហ្វឹកហ្វឺនបាល់ទាត់ និងបំពង់ទីបសម្រាប់ដំឡើងជាបង្គោលទី ដល់ក្រុមកីឡាករកុមារ ។

ជាមួយនឹងការប្តេជ្ញាចិត្តលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន បានរៀបចំសកម្មភាពអភិវឌ្ឍយុវជនសម្រាប់ក្រុមកុមារនិងយុវជនជាច្រើននាក់នៅខេត្តស្វាយរៀង ។ហេតុដែលនាំឲ្យឈានទៅដល់ការរៀបចំសកម្មភាពហ្វឹកហ្វឺននេះ គឺស្របតាមសំណើរសុំរបស់ព្រះតេជព្រះគុណ ថោង ចិន្តា ដែលជាស្ថាបនិកផ្តួចផ្តើមក្រុមបាល់ទាត់កុមារនេះ ក្នុងឱកាសដែលព្រះអង្គបាននាំក្រុមកុមារមកចូលរួមក្នុងសកម្មភាពវគ្គហ្វឹកហ្វឺនបាល់ទាត់ជាមួយកីឡាករបាល់ទាត់ថៃ ពេលព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour 2017 កាលពីខែកក្កដាកន្លងទៅ ។

ព្រះតេជព្រះគុណ ថោង ចិន្តា បានមានថេរដីកាថា “អត្មាអរគុណណាស់ ដែលបានខាងក្រុមហ៊ុនចុះមកជួយឧបត្ថម្ភ ហើយបានហ្វឹកហាត់ដល់ក្រុមកីឡារបស់អត្មាបន្ថែម ព្រោះអីក្រុមកីឡារបស់អត្មាមិនដែលបានគ្រូពីភ្នំពេញក្រោន ដែលគាត់ចុះមកហ្វឹកហាត់ផ្ទាល់ទេ មានតែគ្រូក្នុងស្រុកភូមិធម្មតា ។ អត្មារៀបចំនេះឲ្យកុមារលេងបាល់ទាត់នេះ ក៏ដើម្បីមានសុខភាពល្អផង ហើយចៀសឆ្ងាយចេញពីគ្រឿងញៀនផង ។”

លោក គិត គឹមអ៊ន ប្រធានផ្នែកលក់ក្រុមហ៊ុន អេស ស៊ី ជី ប្រចាំនៅកម្ពុជា បានថ្លែងក្នុងកម្មវិធីនោះថា “ក្រុមហ៊ុន អេស ស៊ី ជី មានគោលនយោបាយមួយ គឺការធ្វើអាជីវកម្ម ត្រូវចេះរក្សាការងារសង្គម ជួយការងារសង្គម ជួយការងារបរិស្ថាន ព្រោះយើងធ្វើអាជីវកម្ម យើងមិនគិតតែពីរឿងចំណេញតែមួយមុខទេ ។ យើងត្រូវមកជួយសង្គម ហើយជាពិសេសគឺយើងចង់ជួយកុមារកម្ពុជា ឲ្យគាត់មានអនាគតល្អដែរ ។ ក្រុមហ៊ុន អេស ស៊ី ជី ក៏ចង់ផ្តាំផ្ញើរដល់កុមារទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយខិតខំលេងកីឡា ដើម្បីជៀសផុតពីគ្រឿងញៀន និងគ្រឿងអបាយមុខទាំងឡាយ ។”ក្រុមហ៊ុន អេស ស៊ី ជី សង្ឃឹមថាក្រុមកីឡាករកុមារ នឹងប្រើប្រាស់សម្ភារៈឧបត្ថម្ភទាំងនេះ ដើម្បីបង្កើតសកម្មភាព មានប្រយោជន៍ គឺការលេងកីឡា នៅពេលដែលទំនេរមិនទៅសាលារៀន ។ ការលេងកីឡាអាចជួយកុមារអភិវឌ្ឍរាងកាយ និងប្រាជ្ញា ចេះបង្កើតមិត្តភាព និងជៀសឆ្ងាយពីទម្លាប់អាក្រក់ផ្សេងៗ ។

ប្អូនប្រុស សីហា អាយុ១២ឆ្នាំ បាននិយាយថា “ថ្ងៃនេះខ្ញុំសប្បាយចិត្ត បានបងៗមកបង្រៀនបង្ហាត់បាល់ សប្បាយចិត្តខ្លាំង ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អេស ស៊ី ជី ដែលបានមកបង្ហាត់បាល់ដល់យើងខ្ញុំ “៕ វឌ្ឍនា


ចែករំលែក៖