ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្រដាប់អាវុធប្លន់ម៉ូតូនារីជាអាជីវករលក់សាច់ជ្រូកម្នាក់ បានសម្រេចនៅសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្រដាប់អាវុធប្លន់ម៉ូតូនារីជាអាជីវករលក់សាច់ជ្រូកម្នាក់ បានសម្រេច ខណៈបើកម៉ូតូទៅទិញសាច់ជ្រូក។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ី ណាត់ អាយុ២៥ឆ្នាំ ជាអាជីវករលក់សាច់ជ្រូក ស្នាក់នៅក្នុងបូរីមហាសែនសុខ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បើតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថានៅ មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-5026 ទើបតែជិះចេញពីផ្ទះបំរុងទៅទិញសាច់ជ្រូនៅផ្សារដីហុយ ដើម្បីយកមកលក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០១១ ក្នុងទិសដៅពីលិចទៅកើត ។ ពេលកំពុងបើកមកតាមផ្លូវស្រាប់តែមានក្រុមជនសង្ស័យ៤នាក់បើកម៉ូតូ២គ្រឿង១គ្រឿងម៉ាក ស៊ុយសាគីនិច មួយគ្រឿងទៀតម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ប្រដាប់ដោយដាវសាំមូរ៉ៃ បើកដេញតាមពីក្រោយ ។ ខណៈមកដល់ចំណុចកើតហេតុដែលមានភ្លើងភ្លឺៗនៅខាងមុខផ្ទះប្រជាពលរដ្ឋ ហើយដោយជនរងគ្រោះដឹកខ្លួនថាមានក្រុមជនសង្ស័យកំពុងបើកដេញតាមពីក្រោយ ពេលនោះជនរងគ្រោះក៏ឈប់ម៉ូតូព្រោះគិតថាមានមនុស្សច្រើនក្រែងអាចពឹងពាក់បាន ក៏ត្រូវជនសង្ស័យដកដាវគំរាម ហើយជនរងគ្រោះភ័យក៏ចុះពីលើម៉ូតូ ហើយក្រុមជនសង្ស័យឡើងបើកម៉ូតូរត់គេចខ្លួនបាត់សម្រោល។ ជនរងគ្រោះបានឲ្យដឹងទៀតថា នៅក្នុងកែបម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកនោះមាន ទូរសព្ទដៃចំនួន២គ្រឿង លុយ២០០ដុល្លារ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានទាក់ទងហៅប្តីឲ្យមកដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកមកវិញ៕ ជ្រោយពេជ្រ


ចែករំលែក៖