ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងតាមបាញ់ប្រហារចំនួន២គ្រាប់ទៅលើបុរសម្នាក់សង្ស័យជារឿងគំនុំ

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់កំពុងជិះម៉ូតូស្រាប់តែត្រូវក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងតាមបាញ់ប្រហារចំនួន២គ្រាប់ មុខហាងការហ្វេ KIRIRUM បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌចំការមន ចុះមកអន្តរាគមន៍ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវទាំងយប់។

ករណីផ្ទុះអាវុធនេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៨៧ កែងផ្លូវ១៤៣ មុខហាងការហ្វេ KIRIRUM ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុគាត់ឃើញជនរងគ្រោះបានជិះម៉ូតូបត់ចូលនៅហាងកាហ្វេ KIRIRUM នៅតាមផ្លូវ២៨៧ កែង១៤៣ ភ្លាមនោះស្រាប់តែឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Dream ស៊េរី២០១៧ ស្លាកលេខ ភ្នំពេញ​ 1AS-1788 បានស្រែកដាក់ជនរងគ្រោះថា “អាហ្នឹងហើយ” រួចក៏បានដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់ ចំណែកជនរងគ្រោះបានបក់ដៃហៅជនសង្ស័យឲ្យមកវិញ ជនសង្ស័យ​ក៏ជិះទៅបាញ់មួយគ្រាប់ទៀត ចំធ្លុះកញ្ចក់ទ្វារហាងកាហ្វេ KIRIRUM រួចក៏ជិះបកមករកជនរងគ្រោះវិញ ស្រាប់ជនរងគ្រោះរត់ចូលហាងបាត់ ទើបជនសង្ស័យទាំង៣នាក់នោះជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

សូមជម្រាបថា ករណីផ្ទុះអាវុធនេះ មិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ប្រភពបន្តថា អ្នកនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុប្រហែលជា១០នាទី គេឃើញជនសង្ស័យមានគ្នា​៣នាក់​ជិះម៉ូតូ Dream ស៊េរី២០១៧ ស្លាកលេខ ភ្នំពេញ​ 1AS-1788 បានជិះឆ្វែលជុំវិញហាងចិនសាច់អាំងក្បែរកន្លែងកើតហេតុនោះពីរជុំហើយ ស្រាប់តែជិះមកម្ដងទៀត ក៏បាននិយាយថា អាហ្នឹង​ទាល់តែបាញ់ ហើយក៏ជិះហួសទៅបាត់ មួយសន្ទុះក្រោយមក ក៏លាន់លឺសំឡេងផ្ទុះអាវុធមួយគ្រាប់ ហើយមួយភ្លែតទៀត ក៏លឺមួយគ្រាប់ទៀតបង្កការភ្ញាក់ផ្អើលឡើងតែម្ដង។

បន្ទាប់ពីមានការផ្ទុះអាវុធរួចមក គេសង្កេតឃើញសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុហើយជួយគ្នាដើររកឃើញសំបកគ្រាប់កាំភ្លើង២សំបក បង្ហាញឲ្យក្រុមអ្នកសារព័ត៌មានថតទុកជា​ភស្តុតាង​ ដែលជនសង្ស័យបានធ្វើសកម្មភាពបាញ់រួចហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកេងកង២ផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា ជារឿងអ្វីនោះទេ កំពុងស្រាវជ្រាវរកមុខរកមុខក្រុមជនសង្ស័យខាងលើផងដែរ៕ ស រស្មី

 

ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល


ចែករំលែក៖