ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀម ប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែនមុនគេ

ចែករំលែក៖

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងធ្វើការហ្វឹកហាត់ លើកដំបូង នៅប្រទេសបារ៉ែន ដើម្បីត្រៀមប្រកួត ជាមួយ ម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។ 

ក្រុមជម្រើសជាតិកម្ពុជា មានកីឡាករ២៤នាក់ ដែលដឹកនាំ ដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយ ត្រូវបានធ្វើតេស្តស្វែងរក មេរោគកូវីដ-១៩ នៅប្រទេស បារ៉ែន ប៉ុន្តែលទ្ធផល អវិជ្ជមាន ដែលធ្វើឲ្យក្រុមជម្រើជាតិកម្ពុជា អាចចាប់ផ្តើមហ្វឹកហាត់ ត្រៀមប្រកួត ជាមួយម្ចាស់ផ្ទះ បារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ក្រុមកម្ពុជា នឹងត្រូវបន្តជួបប្រកួត ជាមួយក្រុមជម្រើសជាតិអុីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយ ត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អុីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាន នៃប្រទេសបារ៉ែនដូចៗគ្នា។

សូមរំឭកថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះបានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ក្រុមម្ចាស់ផ្ទះ កម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ អុីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អុីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរបូតគ្រាប់បាល់រហូតដល់ ០ទល់១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អុីរ៉ាក់ បារ៉ែន អុីរ៉ង់ ហុងកុង កម្ពុជា)។ ដូច្នេះហើយ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជាប្រកួតបង្គ្រប់កិច្ច ដែល៣ក្រុមត្រូវប៉ះជាមួយក្រុមបារ៉ែន នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជាក្រុមខ្លាំងៗ ប្រចាំទ្វីបអាស៊ី ហើយបើគិតលើចំណាត់ថ្នាក់ប្រចាំទ្វីបអាស៊ី បច្ចុប្បន្ន គឺក្រុមអុីរ៉ង់ ឈរលេខ២ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៣១), អុីរ៉ាក់ លេខ៨ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៦៨) និងក្រុមបារ៉ែន ឈរលេខ១៦ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៩៨) ខណៈកម្ពុជា ឈរលេខ៣៨ (ចំណាត់ថ្នាក់ពិភពលោក ១៧៤)៕

ដោយ៖ សូរិយា


ចែករំលែក៖