ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម«តោ»របស់ស្នងការខេត្តតាកែវ អ៊ុក សំណាង ជាអ្នកបាញ់សម្លាប់ជនសង្ស័យគ្រឿងញៀន?

ចែករំលែក៖

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ បានអោយដឹងថា ករណីបាញ់សម្លាប់ទៅលើជនសង្ស័យជួញដូរគ្រឿងញៀន លោកបានកំណត់មុខសញ្ញាបានហើយ គឺជាក្រុមកូនចៅរបស់លោក តែលោកមិនទាន់ហានឃាត់ខ្លួន ដោយសារតែមិនមានបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ គឺរង់ចាំបញ្ជាលោក ជីវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ត្រី បានបន្តរទៀតថា វាមិនពិបាកក្នុងការរកជនដៃដល់ដែលបានបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនខាងលើនោះទេ ព្រោះការងារដែលចុះទៅបង្រ្គាបនោះ ជាក្រុមកូនចៅរបស់លោក និងមានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។

លោកបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នក្រុមគ្រួសារជនសង្ស័យជួញដូរគ្រឿងញៀន ដែលបានស្លាប់ដោយសារការបាញ់ដោយកូនចៅរបស់លោក បានដាក់ពាក្យបណ្តឹងតាមរយៈអធិការនគបាលស្រុកសំរោងរួចហើយ បច្ចុប្បន្នសំណុំរឿងបានបញ្ជូនមកដល់ស្នងការនគបាលខេត្តតាកែវ រួចហើយដែរ ហើយកម្លាំងជំនាញកំពុងតែកសាងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។

ចំណែកឯជនដៃដល់ដែលជាកូនចៅរបស់លោក ពុំបានរត់គេចខ្លួននោះទេ ឲ្យតែមានដីការឃាត់ខ្លួនពីស្ថាប័នតុលាការ លោកនឹងឃាត់ខ្លួនភ្លាម។

គួរបញ្ជាក់ផងដែថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ មានករណីបង្រ្គាបបទល្មើសជួញដូរគ្រឿងញៀនមួយ នៅ ជិតផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលពេលនោះ កម្លាំងនគរបាលខេត្តតាកែវបានដាក់ខ្នោះជនសង្ស័យរួចបាញ់មួយគ្រាប់ចំក្បាលយ៉ាងឃោរឃៅបំផុត បណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានទេ ។ ចំណែកលោក ជីវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយពេលអ្នកយកព័ត៌មាន ទូរស័ព្ទទៅលោកដើម្បីសុំការបំភ្លឺជុំវិញករណីបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនខាងលើ លោកបានត្រឹមតែនិយាយថា ជាប់រវល់ប្រជុំឥតឈប់តែប៉ុណ្ណោះ ។

បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះកំពុងតែដង្ហោយរកយុត្តិធម៌ ព្រោះកូនរបស់គាត់ ពុំមានពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀននោះទេ ហើយបែរជាក្រុមកូនចៅរបស់លោកស្នងការ មកបាញ់កូនរបស់គាត់ស្រស់ៗ ដែលជាអំពើអយុត្តិធម៌ ។ ពួកគាត់ជាប្រជាជនស្លូតត្រង់ មិនអាចទទួលយកបានទេ ។

ប្រភពច្បាស់ការបានធ្លាយចេញពីស្នងការដ្ឋាននគបាលខេត្តតាកែវ ថា ជនសង្ស័យដែលបានបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ ជាមនុស្សជំនិតរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ។ មនុស្សជំនិតនេះ មានក្រុមរបស់គេ ដែលមានឈ្មោះថា «ក្រុមតោ» ហើយក្រុមនេះ គឺលោកស្នងការជាអ្នកបង្កើតឡើងដែលចំរាញ់យកមនុស្សពិសេសៗ ហើយប្រើប្រាស់អាវុធខ្លីម៉ាកទំនើបៗ ។ «ក្រុមតោ» នេះពុំមានការយល់ដឹងពីសីលធម៌ សុជីវធម៌ និងផ្លូវច្បាប់គ្រប់គ្រាន់នោះទេ គឺគ្រាន់ជាក្រុមមនុស្សដែលហ៊ានបាញ់បោះ សម្លាប់គេយកមកប្រើនៅក្នុងអង្គភាព គឺជាការស្រេច ៕ ភ្នំដា

ae

ជនរងគ្រោះខណៈត្រូវក្រុមតោចាប់ចង ដោយគ្រាន់តែសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន និងបាញ់បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យae (1)


ចែករំលែក៖