ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអង្កររបស់ប្រទេសថៃសន្យាឈប់ដាក់រូបប្រាសាទអង្គរវត្តរបស់កម្ពុជាលើបាវអង្កររបស់ខ្លួនទៀតហើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកាលពី ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៨បានចេញមកបញ្ជាក់ជាថ្មីបន្ទាប់ពីស្រាវជ្រាវដោយសហការជាមួយក្រសួងពាណិជ្ជកម្មថៃបានរកឃើញក្រុមហ៊ុនដែល បន្លំលក់អង្ករដាក់រូបប្រាសាទអង្គរវត្តរបស់ខ្មែរលើបាវអង្ករតែជាផលិតផលអង្កររបស់ថៃហើយបានពន្យល់អប់រំក្រុមហ៊ុននោះ ផងដែរ ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បន្ទាប់ ពីពន្យល់និងអប់រំរួចមកក្រុមហ៊ុនលក់អង្ករនោះសន្យាថា ខ្លួនឈប់ដាក់រូបប្រាសាទ អង្គរវត្តរបស់កម្ពុជាលើបាវអង្ករដែលខ្លួន បញ្ជាទិញមកពីប្រទេសទៀតហើយ ។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មបានថ្លែងថា បន្ទាប់ពីសហការ គ្នាក្រសួងពាណិជ្ជកម្មថៃបានស្រាវជ្រាវឃើញហើយក៏បញ្ជាក់ឲ្យភាគីកម្ពុជាដឹងថា ទីប្រឹក្សាពាណិជ្ជកម្មថៃប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដាបានចុះពិនិត្យ និងរក ឃើញថា មានក្រុមហ៊ុនលក់អង្ករបានកុម្ម៉ង់អង្ករពីប្រទេសថៃដោយឱ្យច្រកក្នុងការុង ដែលមានដាក់រូបប្រាសាទអង្គរវត្ត។ ប៉ុន្ដែ ពេលនេះទីប្រឹក្សាពាណិជ្ជកម្មថៃបានណែនាំក្រុមហ៊ុនឱ្យយល់ពីផលប៉ះពាល់ក្នុងការប្រើប្រាស់រូបប្រាសាទអង្គរវត្តលើសម្បកការុងអង្ករថៃ ហើយក្រុមហ៊ុនបានយល់ព្រម ឈប់ប្រើរូបប្រាសាទអង្គរវត្តលើសម្បក ការុងអង្ករថៃទៀតហើយដោយក្រុមហ៊ុន នឹងរចនាសម្បកការុងថ្មីមកប្រើប្រាស់វិញ។

សូមបញ្ជាក់ថា កាលពីកំឡុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនប្រជាពលរដ្ឋ កម្ពុជាជុំវិញករណីបាវអង្ករមានរូបប្រាសាទអង្គរ និងអក្សរខ្មែរតែដាក់ថា ជាផលិត ផលថៃ ។

ភ្លាមៗបន្ទាប់ពីមានការរិះគន់នេះក្រសួង ពាណិជ្ជកម្មចេញមកបញ្ជាក់ថា បន្ទាប់ ស្រាវជ្រាវបឋមគឺពិនិត្យឃើញថា ទំនិញ អង្ករខាងលើនេះមានដាក់លក់នៅក្នុងទីក្រុងម៉ុលរ៉េអាល់ ប្រទេសកាណាដាពុំមានដាក់លក់នៅតាមផ្សារប្រទេសផ្សេងៗនោះ ឡើយ ។

ក្រសួងពាណិជ្ជកម្មចាត់ទុកការដាក់រូបប្រាសាទអង្គរវត្តខ្មែរលើបាវអង្ករថៃនេះជា ការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញអង្ករបរទេស (ប្រទេសថៃ) ដែលមានដាក់រូប ប្រាសាទអង្គរវត្ត និងឈ្មោះជាភាសាខ្មែរថា «អង្ករក្រអូបពិសេស» ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ពីប្រភពដើមនៃទំនិញ ៕ ហេង សូរិយា


ចែករំលែក៖