ព័ត៌មានទាន់ហេតុការណ៍៖

អ្នកផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទីថាបង់លុយឲ្យមន្ត្រីជំនាញរួចហើយទើបធ្វើអាជីវកម្មបាន

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមអ្នកធ្វើស្ករត្នោតក្លែងក្លាយនៅក្នុងភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវបានឲ្យដឹងថា ការដែលពួកគាត់អាចដំណើរការផលិតស្ករត្នោតក្លែងក្លាយយ៉ាងសុខស្រួលសព្វថ្ងៃនេះ ដោយសារតែបានបង់លុយជូនលោកស៊ី ណា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មស្រុកបាទីក្នុងមួយខែៗរាប់ពាន់ដុល្លារ។

ប្រភពពីអ្នកធ្វើស្ករតោ្នតក្លែងក្លាយបានឲ្យដឹងថា លោកស៊ី ណាបានប្រាប់ពួកគាត់ថា កុំខ្វល់គិតតែពីផលិតស្ករត្នោតទៅ ហើយបង់លុយឲ្យគាត់ ដើម្បីគាត់យកលុយនោះទៅជួយបិទបាំងថ្នាក់លើ។ ថ្នាក់លើគឺសំដៅលើថ្នាក់ដឹកនាំខេត្តតាកែវ រួមទាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មនោះផង។ លោកស៊ី ណា បានផ្តាំផ្ញើដល់អ្នកផលិតស្ករត្នោតក្លែងក្លាយនោះថា បើមានអ្នកចម្លែកចូលទៅមើលការផលិតស្ករត្នោតក្លែងក្លាយនោះសូមទូរស័ព្ទទៅលោកជាបន្ទាន់ ជាពិសេសអ្នកកាសែត គឺហាមដាច់ខាតមិនឲ្យចូលទៅមើលនោះឡើយ។

វត្ថុធាតុដើមដែលគេយកមកផលិតស្ករត្នោតក្លែងក្លាយរួមមានស្ករស, ទឹក, អំបិល, ប្រេងឆា… និងវត្ថុធាតុផ្សំមួយចំនួនទៀត ដែលស្ករត្នោតក្លែងក្លាយនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាក៏ដោយ មិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបនោះទេ ហើយនៅទូទាំងប្រទេសនរណាក៏ដឹងដែរថា នៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាកន្លែងផលិតស្ករត្នោតក្លែងក្លាយ។

លោកស៊ី ណា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មស្រុកបាទីមិនលើកទូរស័ព្ទនោះទេ ។ ដោយឡែកលោកកេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវបានទទួលស្គាល់ថា ក្រុមមន្ត្រីរបស់លោកពិតជាបានទទួលយកលុយពីអ្នកផលិតស្ករត្នោតក្លែងក្លាយនៅភូមិ ឃុំខាងលើនោះមែន ប៉ុន្តែគឺយកលុយដើម្បីទៅរត់ការតែប៉ុណ្ណោះ។ បើតាមប្រសាសន៍របស់លោកប្រធានមន្ទីរមានន័យថា លោកនឹងរៀបចំការផលិតស្ករត្នោតក្លែងក្លាយនោះឲ្យទៅជាស្របច្បាប់ បើទោះបីជាស្ករត្នោតនោះប៉ះពាល់ដល់សុខភាពក៏ដោយ៕ ភ្នំដា


ចែករំលែក៖