ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមISទទួលខុសត្រូវពីការវាយប្រហារនៅក្នុងប្រទេសអូស្ត្រាលី

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែមិថុនា ក្រុមភេរវកម្ម IS បានប្រកាសថា ខ្មាន់កាំភ្លើងក្រុមរបស់ ខ្លួន បានបាញ់ប្រហារ និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅក្នុងប្រទេសអូស្ត្រាលី ដោយសារតែអូស្ត្រាលីគឺជាប្រទេសសម្ពន្ធមិត្តប្រឆាំងក្រុម IS ដឹកនាំដោយអាមេរិក។

បណ្តាញព័ត៌មាន Amaq របស់ក្រុម IS បានឲ្យដឹងថា ការវាយប្រហារនៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ត្រូវបានខ្មាន់ កាំភ្លើងក្រុម IS ជាអ្នកវាយប្រហារក្រោយទទួលបានការអំពាវនាវឲ្យវាយប្រហារនៅគ្រប់ទិសទីពីក្រុម IS នៅក្នុងប្រទេសស៊ីរី។

កន្លងមកប៉ូលិសអូស្ត្រាលី ក៏បាន ប្រកាសថា មានការចាប់ខ្លួនមនុស្សធ្វើជា ចំណាប់ខ្មាំងនៅទីក្រុងម៉ែលប៊នជាសកម្មភាពវាយប្រហារភេរវកម្ម ហើយប៉ូលិស កំពុងតែបើកការស្រាវជ្រាវពីហេតុការណ៍ខាងលើ។

កាលពីថ្ងៃទី៥ ខែមិថុនា ប៉ូលិសក្រុង ម៉ែលប៊នបានបាញ់សម្លាប់ខ្មាន់កាំភ្លើង ម្នាក់នៅតំបន់ Brighton ទីក្រុងម៉ែលប៊ន ក្រោយពេលបានចាប់ស្ត្រីម្នាក់ធ្វើជាចំណាប់ ខ្មាំង។ ខ្មាន់កាំភ្លើងក្រុមIS ក៏បានបាញ់ បណ្តាលឲ្យប៉ូលិស៣នាក់រងរបួសផងដែរ ក្រោយការប៉ះទង្គិចគ្នារយៈពេល៣ម៉ោង។ ស្ត្រីជាចំណាប់ខ្មាំងត្រូវបានរំដោះ តែបុរស ម្នាក់ទៀត ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់។

បច្ចុប្បន្នខ្មាន់កាំភ្លើងក្រុមភេរវកម្មបើកការវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោកតាមបែប «ចចកឯកោ» ដូចជាការ វាយប្រហារនៅក្នុងប្រទេសអង់គ្លេសជាដើម។ ការវាយប្រហារកើនឡើង ក្រោយ ពេលដែលទីតាំងរបស់ក្រុម IS នៅក្នុង ប្រទេសស៊ីរី និងអុីរ៉ាក់រងការវាយប្រហារធ្វើ ឲ្យបាត់បង់ទីតាំងគ្រប់គ្រងរបស់ក្រុមនេះជាច្រើន។

នៅពេលនេះដែរ ក្រុមភេរវកម្មបាន បង្កើនការវាយប្រហារទៅលើប្រទេសក្នុងតំបន់អាស៊ានក្នុងនោះមានឥណ្ឌូនេស៊ី និង ហ្វុីលីពីនជាដើម ដោយសារតែតំបន់នេះ មិនសូវមានសន្តិសុខតឹងតែងងាយស្រួល សម្រាប់ក្រុមភេរវកម្មសម្រេចគោលដៅ របស់ខ្លួនក្នុងការបង្កើតតំបន់គ្រប់គ្រងដូចនៅក្នុងទីក្រុងម៉ារ៉ាវី ប្រទេសហ្វុីលីពីនជា ដើម។

កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ពលរដ្ឋស៊ីវិលរាប់រយនាក់នៅកំពុងជាប់ខ្លួននៅក្នុងទីក្រុង Marawi នៅឡើយ បើទោះបីជាការផ្អាកបាញ់ប្រហារគ្នាត្រូវបានធ្វើឡើងជាច្រើនម៉ោង ក្នុងគោលបំណងដើម្បីទុកពេលឲ្យពួកគេចាកចេញក្តី។

មន្ត្រីរដ្ឋាភិបាលបាននិយាយថា ហេតុការណ៍ប្រយុទ្ធគ្នានេះបានធ្វើឲ្យប្រជាជនដែលរស់នៅក្នុងតំបន់កើតហេតុប្រមាណជា ១.០០០នាក់ ត្រូវចាកចេញពីទីលំនៅ របស់ខ្លួន នៅពេលដែលប្រមាណជា១៣០ នាក់ទៀតនៅបន្តជាប់ខ្លួននៅទីនោះនៅ ឡើយ។

គួរបញ្ជាក់ថា ការបាញ់ប្រហារគ្នាដែលត្រូវបានធ្វើឡើងរវាងកងកម្លាំងរដ្ឋាភិបាល ជាមួយនឹងក្រុមសកម្មប្រយុទ្ធដែលមាន ទំនាក់ទំនងជាមួយនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម IS ហើយជាលទ្ធផល មានមនុស្ស សរុប១៧០នាក់ បានបាត់បង់ជីវិត ដែល ក្នុងនោះពលរដ្ឋស៊ីវិល មានប្រហែលជា ២០នាក់ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖