ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការរិះគន់ គីម សាន ចេញមុខសុំទោសរឿងឆ្នៃម៉ូដអាវប្រើប្រាស់សញ្ញាស័ក្តិ មន្ត្រីទំនាក់ទំនងរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង គីម សានដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់ តារាសិចស៊ី ដេនី ក្វាន់ បានចេញសារសុំទោសជាសាធារណៈ បន្ទាប់ពីរងការរិះគន់ពីសំណាក់ លោក នុត សវនា អគ្គនាយក​រង នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួងមហាផ្ទៃ ករណីរឿងតារារូបនេះបានឆ្នៃឈុតអាវរបស់លោក ស្លៀកនៅក្នុងពិធីខួបកំណើតកាលពីពេលថ្មីៗនេះ ដោយមានសញ្ញាស័ក្តិ របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណា ។

លោក នុត សវនា អគ្គនាយក​រង នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួងមហាផ្ទៃ បានប្រតិកម្ម និងការប្រើប្រាស់ឈុតអាវរបស់លោក គីម សាន ប្អូនប្រុសតារាសម្តែង ដេនី ក្វាន់ ដែលបានស្លៀកនៅក្នុងពិធីខួបកំណើតកាលពីពេលថ្មីៗនេះ ដោយមានសញ្ញាស័ក្តិ របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណា ដោយលោក នុត សវនា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ “ការប្រើប្រាស់ សញ្ញាស័ក្តិ និងឯកសណ្ឋាន របស់ស្ថាប័នសាធារណៈ សុទ្ធតែត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ (លើកលែងតែសន្តិសុខ ខណ្ឌ ដែលជាកម្រិត មូលដ្ឋាន) ។ ជាក់ស្តែង បើខ្ញុំមិនច្រលំទេ សញ្ញាស័ក្តិ និងស្លាកសញ្ញា ដែលនាយប្រុញកំពុងឡង់សេនេះជាប្រ ភេទត្រូវបានដាក់ឲ្យប្រើជាមួយអាវស ខោស ដោយមន្ត្រីជាន់ខ្ពស់ ថ្នាក់វរមន្ត្រី ឬឧត្តមមន្ត្រី របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ បើពាក់ថតកុន ឬថតសារអប់រំ យើងគួរប្រើឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ តែបើយករបស់ផ្លូវការមកច្នៃតាមការរវើរវាយពេលពុលសារជាតិអ័រម៉ូន ឬបូថក់ វាអាចបង្កគ្រោះថ្នាក់ដល់ខ្លួន ។ អីចឹងហើយបានជា គេតែងតែទូន្មានថា “ពេលស្រវឹង សូមកុំបើកបរ” ។

ក្រោយលេចសារប្រតិកម្មនេះ លោក គីម សាន ក៏បានបកស្រាយថា ឈុតក្រហមដែលលោកពាក់នេះ គឺលោកយកម៉ូដតាមបរទេសនោះទេ លោកក៏សុំអភ័យទោសប្រសិនបើឈុតដែលលោកពាក់មានការលើសលុប ប៉ះពាល់ដល់ស្ថាប័នណាមួយ ។ ដោយលោក គីម សាន បានលើកឡើងថាឈុតដែលលោកបាទស្លៀកនេះនៅក្នុង ថ្ងៃខួបកំណើត ព្រោះឈុតមួយនេះលោកយកម៉ូដតាមបរទេសទេ មិនមែនឈុតលោកតាមមន្រ្តីជាន់ខ្ពស់នៅកម្ពុជាឡើយ ។ ទោះជាយ៉ាងណា មានការខុសឆ្គងដែលលោកសូមអភ័យទោសទៅដល់បងៗដូចជាលោកពូឯកឧត្តម នុត សវនា ដែលបាទប្រតិកម្មទៅលើឈុតដែលលោកបាទស្លៀក និងធ្វើឲ្យលោកកាន់តែយល់ដឹងព្រោះ ។ ជាមួយគ្នានេះ លោកបានថ្លែងសូមអភ័យទោសក្នុងការប្រើប្រាស់សញ្ញាស័ក្តិដោយអចេតនាព្រោះតែចង់ប្លែក និងចម្លងពីម៉ូដបរទេសខ្លះ ។

គួរបញ្ជាក់ដែរថា លោក គីម សាន ធ្លាប់បានច្នៃ និងបញ្ជាទិញសម្លៀកបំពាក់ប្លែកៗថ្មី ស្អាតជាច្រើនបន្តបន្ទាប់ដើម្បីស្លៀកពាក់ចូលរួមកម្មវិធីតូចធំ និងកម្មវិធីផ្ទាល់ខ្លួនជាហូរហែកន្លងមក ខណៈដែលបងស្រីលោកដែលកន្លងមកក៏បានច្នៃ និងទិញសម្លៀកបំពាក់មួយចំនួនមកស្លៀកពាក់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍បើទោះបីជាមានការរិះគន់ខ្លះៗក៏ដោយ៕ វឌ្ឍនា


ចែករំលែក៖