ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយចុះចតនៅវេណេហ្ស៊ុយអេឡា ប៉ុន្មានថ្ងៃ យន្តហោះ Tu -160 នឹងចាកចេញនៅថ្ងៃទី ១៤ ខែធ្នូ

ចែករំលែក៖

រុស្ស៊ីបាននិយាយប្រាប់អាមេរិកថា យន្តហោះទម្លាក់គ្រាប់បែកប្រកបដោយយុទ្ធសាស្ត្រ មានសមត្ថភាពវាយប្រហារដោយគ្រាប់បែកបរមាណូ ចំនួន២គ្រឿងនោះ ត្រូវចាកចេញពីទឹកដីវេណេហ្ស៊ុយអេឡាវិញហើយទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃសុក្រនេះ ។

អាមេរិកបានខឹងសម្បារយ៉ាងខ្លាំងទៅលើរុស្ស៊ី ដែលបញ្ជូនយន្តហោះ Tu-160 ពីរគ្រឿងទៅវេណេហ្ស៊ុយអេឡាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលសកម្មភាពរុស្ស៊ីនោះ ពុំមានមូលហេតុច្បាស់លាស់ ហើយដំណាលគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានចាត់ទុកថា ជាការខ្ជះខ្ជាយទឹកប្រាក់របស់រដ្ឋាភិបាលទាំងពីររុស្ស៊ី វេណេហ្ស៊ុយអេឡា លើគំនរទុក្ខប្រជាពលរដ្ឋនោះ ។

រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វេណេហ្ស៊ុយអេឡា ហើយនៅពេលដែលមានស្ថានការតានតឹងជាមួយអាមេរិក រុស្ស៊ីតែងតែបង្ហាញសាច់ដុំរបស់ខ្លួន ដោយបញ្ជូនយន្តហោះធុនទម្លាក់គ្រាប់បែកបរមាណូនេះទៅវេណេហ្ស៊ុយអេឡាដូចដែលធ្លាប់កើតមាននាពេលកន្លងមក ។

ពេលនេះ អាមេរិកនិងរុស្ស៊ីកំពុងប្រឈមមុខដាក់គ្នាក្នុងបញ្ហានៅអ៊ុយក្រែន ដែលរុស្ស៊ីបានចាប់នាវារបស់អ៊ុយក្រែន៣គ្រឿង និងនាវិក២៤នាក់ ដោយចោទថា រំលោភដែនអធិបតេយ្យ។ អ៊ុយក្រែនបានទាមទារឲ្យដោះលែងនាវា និងនាវិករបស់ខ្លួន ព្រមទាំងប្រកាសអនុវត្តច្បាប់អាជ្ញាសឹកថែមទៀតផង ខណៈដែលរុស្ស៊ីប្តេជ្ញាថា មិនដោះលែងនាវា និងនាវិករបស់អ៊ុយក្រែនជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ហើយបានដាក់ពង្រាយសព្វាវុធទំនើបៗ និងកម្លាំងទាហាន ឈរជើងនៅព្រំដែនជាប់ជាមួយអ៊ុយក្រែន ហាក់ដូចត្រៀមលក្ខណៈផ្ទុះសង្គ្រាមអីចឹង ។

ពេលនេះនាវាចម្បាំងអាមេរិកបាននិងកំពុងវត្តមាននៅអ៊ុយក្រែនតាមការស្នើសុំរបស់ប្រធានាធិបតី ជួយទប់ទល់ការឈ្លានពានពីរុស្ស៊ីមិនឲ្យធ្វើសកម្មភាពឈ្លានពានដូចនៅតំបន់គ្រីមៀទៀតឡើយ ។

ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីសេតវិមាន Sarah Sanders បានឲ្យប្រភពរ៉យទ័រដឹងថា ដោយមានការជជែកគ្នាជាមួយតំណាងរុស្ស៊ី ខាងភាគីរុស្ស៊ីបានជម្រាបដំណឹងមកថា យន្តហោះចម្បាំងTu-160 របស់ពួកគេ ត្រូវចាកចេញពីទឹកដីវេណេហ្ស៊ុយអេឡា ត្រឡប់ទៅកាន់រុស្ស៊ីវិញនៅថ្ងៃសុក្រនេះហើយ ៕ ម៉ែវ សាធី


ចែករំលែក៖