ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបង្កឲ្យមានព្យុះភ្លៀងក្នុងវិស័យពាណិជ្ជកម្ម លោកត្រាំបង្វែរទៅកាន់ប្រទេសនាំប្រេងវិញម្តង

ចែករំលែក៖

កន្លងមក លោកត្រាំបានបង្កឲ្យមានព្យុះភ្លៀងនៅក្នុងវិស័យពាណិជ្ជកម្ម តាម រយៈការដំឡើងពន្ធនាំចូលដែកថែបនិង អាលុយមីញ៉ូម ។ បន្ទាប់មកក៏មានដំឡើង ពន្ធ លើទំនិញនាំចូលពីប្រទេសចិនជាង ១.៣០០មុខទៀត បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងចិន ។

ការបារម្ភពីសង្គ្រាមពាណិជ្ជកម្ម មិន ទាន់​ស្ងាប់ស្ងាត់ផង លោកត្រាំក៏បានបង្វែរ ទៅលើវិស័យ ប្រេងវិញម្តង ដោយសំដៅទៅលើប្រទេសនាំចេញប្រេងលំដាប់ពិភពលោក OPEC ថាជាអ្នកបំប៉ោងតម្លៃប្រេងឆៅធ្វើឲ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកឡើងថ្លៃ។

ប្រទេសសមាជិកអង្គការOPEC ជាអង្គការនៃក្រុមប្រទេសនាំប្រេងចេញ បាន សម្រេចចេញកិច្ចព្រមព្រៀង កាត់បន្ថយ ការបូមប្រេង ដើម្បីទប់ស្កាត់មិនឲ្យតម្លៃ ប្រេងឆៅធ្លាក់ចុះខ្លាំង។ ក្រោយការប្រកាស កិច្ចព្រមព្រៀង មកតម្លៃប្រេងក្នុងទីផ្សារ អាស៊ីបានកើនឡើងរហូត៦ភាគរយ កាលពីថ្ងៃទី១៩ ខែមេសា។

ក្នុងវេទិកាថាមពលអន្តរជាតិ នៅ ប្រទេសអាល់ហ្សេរី អង្គការ OPEC បាន ប្រកាសឲ្យដឹងនូវការសម្រេចបានកិច្ចព្រមព្រៀងកាត់បន្ថយការបូមប្រេង។ ក្រុម ប្រទេសនាំប្រេងចេញនៃអង្គការ OPEC បានព្រមព្រៀងគ្នាថា ត្រូវបូមប្រេងឲ្យបាន តិចជាងមុន គឺឲ្យបានត្រឹមតែពី ៣២លាន ៥សែនបារែល ដល់៣៣លានបារែល ប៉ុណ្ណោះ ក្នុងមួយថ្ងៃៗ។

តម្លៃប្រេងឆៅ នៅសប្តាហ៍នេះបានឡើងថ្លៃដល់៧០ដុល្លារ ក្នុងមួយបារែលបន្ទាប់ពីធ្លាក់ថ្លៃ ខ្លាំងបំផុតដល់២៦ដុល្លារ កាល ពីដើមឆ្នាំ២០១៦។ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បានទម្លាក់កំហុស ទៅលើក្រុមប្រទេស នាំចេញប្រេង OPEC ថា ជាអ្នកធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃ។ ក្រុមប្រទេសសមាជិក OPEC និងប្រទេស ផលិតប្រេង ដែលមិនមែនជាសមាជិក របស់ OPEC បានជួបប្រជុំគ្នា នៅថ្ងៃសុក្រ កន្លងមកនេះ នៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បី និយាយពីកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេង ដែលត្រូវអស់សុពលភាព នៅចុងឆ្នាំ ២០១៨នេះ។

នៅឆ្នាំ ២០១៦ ក្រុមប្រទេសនាំចេញ ប្រេង OPEC និងក្រុមប្រទេសផលិតប្រេង ដែលមិនមែនជាសមាជិករបស់ OPEC បានចុះកិច្ចព្រមព្រៀងលើការកាត់បន្ថយការ ផលិតប្រេងក្នុងគោលដៅស្តារឡើងវិញ នូវតម្លៃប្រេងឆៅដែលបានធ្លាក់ចុះខ្លាំងរហូតដល់២៦ដុល្លារ ក្នុងមួយបារែលនៅដើមឆ្នាំ ២០១៦។ តាមកិច្ចព្រមព្រៀង ក្រុមប្រទេស ផលិត និងនាំចេញប្រេង បានយល់ព្រមកាត់បន្ថយការផលិតប្រេងប្រមាណជិត២លានបារែលក្នុងមួយថ្ងៃ។

នៅ២ឆ្នាំក្រោយកិច្ចព្រមព្រៀង តម្លៃ ប្រេងឆៅ បានឡើងថ្លៃពី ក្រោម៣០ដុល្លារ ដល់៧៤ដុល្លារ ក្នុងមួយបារែល កាលពីថ្ងៃ ព្រហស្បតិ៍។ នៅថ្ងៃទី២០ ខែមេសា នៅ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថាមពលរបស់ ក្រុមប្រទេសសមាជិក OPEC និងប្រទេស ផលិតប្រេង ដែលមិនមែនសមាជិក របស់ OPEC រដ្ឋមន្រ្តីថាមពលរបស់អារ៉ាប៊ីសាអ៊ូឌីត បានវាយតម្លៃថា ទីផ្សារអន្តរជាតិមានសមត្ថភាពទិញប្រេងក្នុងតម្លៃខ្ពស់។

ការលើកឡើងរបស់រដ្ឋមន្រ្តីអារ៉ាប៊ីសាអ៊ូឌីតបានទាក់ទាញ ភ្លាមនូវសាររិះគន់ របស់ប្រធានាធិបតីអាមេរិក ដែលបាន ចោទក្រុមប្រទេស សមាជិក OPEC ថា ជាអ្នកបំប៉ោងតម្លៃប្រេងឆៅ។ នៅក្នុង សារTwitter លោកដូណាល់ ត្រាំ នៅបាន ចោទក្រុមប្រទេសសមាជិក OPEC ថា កំពុងសស្រាក់សស្រាំ ចាក់ប្រេងបំពេញ កប៉ាល់ដើម្បី ត្រៀមចេញទៅលក់នៅ ទីផ្សារ នៅពេលតម្លៃប្រេងកំពុងឡើងថ្លៃ យ៉ាងដូច្នេះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីថាមពលប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត បាន បញ្ជាក់ថា ទីក្រុងរីយ៉ាតមិនមែនជា អ្នក ដំឡើងថ្លៃប្រេងឆៅឡើយ ប៉ុន្តែគឺទីផ្សារទេ ដែលជាអ្នកកំណត់តម្លៃប្រេង។ សម្រាប់ អ្នកវិភាគមួយចំនួន អារ៉ាប៊ីសាអ៊ូឌីត ដែលក្រាញ មិនចង់កាត់បន្ថយបរិមាណ ផលិតប្រេង តាំងពីដំបូងទី គ្រោងចង់ឲ្យ តម្លៃប្រេង កើនឡើងដល់៨០ដុល្លារ ឬ១០០ដុល្លារ ក្នុងមួយបារែល ដែលជា តម្លៃប្រេងឆៅ នៅមុនការធ្លាក់ចុះ ដ៏គំហុក នៅឆ្នាំ ២០១៤។ អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងច្រើនជាងគេនៅលើលោក សង្ឃឹមទាញយកផលចំណេញពី តម្លៃប្រេងឡើងថ្លៃ ដើម្បី យកមកដោះ ស្រាយបញ្ហាហិរញ្ញវត្ថុក្នុងស្រុក។

C

តម្លៃប្រេងឆៅបានឡើងថ្លៃឡើងវិញ ដោយមកតែពីកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេង ដែលបានជួយកុំឲ្យការផ្គត់ផ្គង់ប្រេងមានច្រើនជាងតម្រូវការ។ ម្យ៉ាង ទៀត តម្លៃប្រេងឡើងថ្លៃឡើងវិញ ដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេស ផលិតប្រេង ដូចជា វេណេហ្ស៊ុយអេឡា នីហ្សេរីយ៉ា ឬ លីប៊ីជាដើម។ នេះគេនៅ មិនទាន់និយាយពីផលប៉ះពាល់ នៃនយោ បាយរបស់លោកដូណាល់ ត្រាំ ដែលបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអុីរ៉ង់ ដែលជាប្រទេសផលិត និងនាំចេញប្រេងដ៏សំខាន់មួយដែរនោះ។

អាមេរិកដែលបានប្រជែងនាំមុខ អារ៉ាប៊ី សាអ៊ូឌីត ក្នុងនាមជាប្រទេសផលិតប្រេងធំទី២ក្នុងលោក បានទាញយកផលចំណេញច្រើនណាស់ពីនយោបាយកាត់បន្ថយការផលិតបូមប្រេងរបស់ក្រុមប្រទេស OPEC កន្លងមក។ នៅពេលដែល OPEC កាត់ បន្ថយបរិមាណផលិតប្រេង អាមេរិក ឯណោះវិញ បានបង្កើនការបូម និង ផលិតប្រេង ដល់១០លានបារែល ក្នុងមួយ ថ្ងៃ គិតនៅត្រឹមថ្ងៃព្រហស្បតិ៍នេះ។ អាមេរិកដែលគួរសប្បាយចិត្តនឹងប្រេងឡើងថ្លៃ បែរជាទៅរិះគន់ OPEC ថាធ្វើឲ្យតម្លៃប្រេង ឡើងថ្លៃ ព្រោះតែអាមេរិកអាចច្រណែន ខ្លាចបាត់ទីផ្សារនៅពេលក្រុមប្រទេសOPEP បង្កើនការផលិតប្រេងនៅពេលប្រេងឡើងថ្លៃឡើងវិញនោះ៕ ម៉ែវ សាធី

 

 

 


ចែករំលែក៖